ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហើយប្រឹងជិះរត់តែត្រូវជនរងគ្រោះដេញតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់បានសម្រេច ហើយប្រឹងជិះម៉ូតូរត់ តែត្រូវជនរងគ្រោះរងជិះម៉ូតូតាមទាន់ បានចាប់ ទាញអាវ បណ្តាលអោយដួលម៉ូតូទាំងជនរងគ្រោះ និងជនសង្ស័យរបួសរលាត់ដៃជើង ហើយប្រជាពលរដ្ឋនៅម្តុំនោះនាំគ្នាជួយចាប់តែម្តង។

ករណីនេះបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១៩ និង ២៥នាទី ថ្ងៃទី ១៨ កុម្ភៈ ២០១៧ នៅចំណុច ផ្លូវណតប្រ៊ិដ៍ ក្រុម៦ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យ ខេម វាសនា ហៅ អាឡូយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សួន កញ្ញា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ១៨G ផ្លុវ K4A ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុនាងជិះម៉ូតូមួយគ្រឿងម៉ាក Scopy ក្រហមលាយស ពាក់ស្លាក់លេខ ភ្នំពេញ 1BA-3792 ម្នាក់ឯងចេញពីផ្សារដីហុយគោលបំណងត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅពីជើងទៅត្បូង ដោយទុកទូរស័ព្ទដៃ ម៉ាក Sumsung Galaxy Tab 3 នៅឃ្លុបម៉ូតូផ្នែកខាងមុខ ខណៈជិះម៉ូតូដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យខាងលើបានជិះម៉ូតូ មួយគ្រឿងម៉ាក Dream សង់ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1A-3545 មកពីក្រោយ ហើយធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់នាងបានសម្រេច ហើយក៍ ព្យាយាមជិះគេចខ្លួន។ ភ្លាមៗនោះនាងបានជិះម៉ូតូតាមក្រោយ ដោយស្រែកថា ចោរៗ ហើយនាងក៏ដេញតាមទាន់ក៏ចាប់ទាញអាវជនសង្ស័យបណ្តាលអោយដួលម៉ូតូទាំង២គ្រឿងតែម្តង បណ្តាលអោយរងរបួសរលាត់ដៃជើងយ៉ាងដំណមផងដែរ ហើយត្រូវបានអ្នកដំណើរ នាំជួយចាប់ឃាត់ខ្លួនជនខាងលើប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននិយាយថា ខ្លួនពិតជាបានធ្វើសកម្មភាពលួកយកទូរស័ព្ទដៃរបស់នារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្នយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទូរស័ព្ទដៃដែលជនសង្ស័យឆក់នោះសមត្ថកិច្ចបានប្រគល់អោយទៅនារីរងគ្រោះវិញ៕ តុង សីហា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖