ព័ត៌មានទាន់ហេតុការណ៍៖

ម៉េង កែវពេជ្ជតា ថាខកចិត្តនឹងផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញសារប្រតិកម្មភ្លាមៗទៅនឹងផលិតកម្មថោន ដែលបានយកបទចម្រៀង «រាំវង់អន្លង់រមៀត» របស់នាងទៅច្រៀងដោយគ្មានការអនុញ្ញាត ។

ប្រតិកម្មនេះ ត្រូវបានធ្វើឡើងក្រោយពីផលិតកម្មថោន បានចាប់ផ្តើម ផ្សព្វផ្សាយបទចម្រៀងថ្មីៗរបស់ខ្លួនដែលត្រៀមលក់នៅលើទីផ្សារ ពិសេសក្នុងអំឡុងមុនឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិបានមកដល់ ។ ក្នុងនោះ បទចម្រៀង រាំវង់អន្លង់រមៀត ដែលបកស្រាយដោយតារាចម្រៀងខ្មែរសុរិន្ទ អ្នកនាង ចេន សាយចៃ ។

ប្រតិកម្មនឹងការថ្លែងការអន់ចិត្តរបស់អ្នកនាងម៉េង កែវពេជ្ជតា គឺព្រោះតែផលិតកម្មថោនបានលើកយកបទ ដែលបកស្រាយដោយអ្នកនាងផ្ទាល់ មកឱ្យតារាចម្រៀងក្នុងផលិតកម្មខ្លួនច្រៀង និង ថតឡើងវិញ ដើម្បីចេញលក់ ដោយមិនបានស្វែងរកឫកគល់បទឱ្យច្បាស់ និង បានមើលរំលងលើកម្មសិទ្ធិបញ្ញារបស់អ្នកនាងជាម្ចាស់ដើម ហើយបែរដាក់ថាបទនោះជាចម្រៀងមរតកដើមទៅវិញ ។

តារាចម្រៀង ម៉េង កែវពេជ្ជតា លើកឡើងថា «ក្រោយការដាក់បង្ហោះផ្សព្វផ្សាយបទចម្រៀង » រាំវង់អន្លង់រមៀត «លើទំព័រសង្គមពីផលិតកម្ម មួយ រួចមក ចម្ងល់ សំណួរ ប្រតិកម្ម និងមតិជាច្រើនបានផុសឡើងជាបន្តបន្ទាប់ក្នុងន័យមិនពេញចិត្តនូវទង្វើររបស់ផលិតកម្មមួយនោះដែលមិនត្រឹមមិនគោរពច្បាប់នៃកម្មសិទ្ធបញ្ញា មិនគោរពសិទ្ធបុគ្គល មិនដឹងកំហុសតែបែរជាចេញមកដោះសារដោយ់ប្រើពាក្យមិនសមគួរបែបចំអកច្រាសអោយអ្នកគាំទ្រទៅវិញ » ។

អ្នកនាងបន្តថា «ពីដំបូងបទនេះសាច់ភ្លេងដើមច្រៀងដោយអធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត មានចំណងជើងថា ” ស្រណោះណាស់ ” ហើយត្រូវបានបង្កើតទំនុកច្រៀងថ្មីជាបទស្រីនិពន្ធដោយលោក បី ប៊ុនធួក ក្នុងផលិតកម្មឆ្លងដែន មានចំណងជើងថា ” រាំវង់នៅអន្លង់រមៀត ” ច្រៀងដោយនាងខ្ញុំ ពេជ្ជតា និងសម្រួលតន្ត្រីថ្មីដោយលោក ម៉ិញសុធីវណ្ណ ហៅ តូ ។ បទទាំងពីរនេះមិនមានទំនុកដូចគ្នាទេ រីឯសាច់ភ្លេង ក៍មានកន្លែងខុសគ្នាបន្តិចៗដែរ ។ បើតាមខ្ញុំចងចាំ បទនេះលោកប៊ុនធួកគាត់និពន្ធតាំងពីឆ្នាំ ១៩៧៥ តែមិនបានថត ទើបយកមកអោយនាងខ្ញុំច្រៀងថតបញ្ចូលក្នុងស៊ីឌីក្នុងឆ្នាំ ១៩៩៥ វិញ នេះបើតាមលោកមានប្រសាសន៍ប្រាប់ខ្ញុំផ្ទាល់នៅពេលនាងខ្ញុំទៅច្រៀងនៅសហរដ្ឋអាមេរិក» ។ តារាចម្រៀងជើងចាស់រូបនេះបន្តថា” រាប់ពីពេលនាងខ្ញុំថតមកដល់បច្ចុប្បន្ន បទនេះមានអាយុ ២២ ឆ្នាំហើយ ហើយការគាំទ្រនៅតែមាន បើទោះជាបទនេះត្រូវបានអ្នកម្រៀងស្រករក្រោយយកមកច្រៀងតាមក្នុងផលិតកម្មផ្សេងក្តី ហើយកាលពីប៉ុន្មានថ្ងៃមុននេះមិត្តអ្នកគាំទ្របានប្រទះឃើញបទនេះថតដើម្បីចេញលក់ដោយអ្នកចម្រៀងថ្មីក្នុងផលិតកម្មក្នុងស្រុកដោយដាក់ថាជា ” មរតកដើម ” ? ? ត្រង់នេះខ្ញុំចង់សួរថា តើពាក្យមរតកដើមរបស់អ្នក មានន័យថាម៉េច ? សង្ឃឹមថា ពាក្យមរតកដើមនេះមិនសំដៅលើបទចម្រៀងដែលម្ចាស់បទស្លាប់អស់នោះទេ មែនទេ ? ចុះបើអ្នកចាត់ទុកថា បទនេះមិនមែនជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកនិពន្ធក្នុងផលិតកម្មខ្លួនទៅហើយហេតុអីអ្នកមិនស្រាវជ្រាវអោយច្បាស់រួចសុំស្នើពីម្ចាស់គេផងទៅបើម្ចាស់គេនៅរស់ជ្រងោរៗនៅឡើយនេះ ? តើការធ្វើមិនស្គាល់ម្ចាស់ដើម វាអាចក្លាយជាវប្បធម៌ជាន់ពន្លិចដែរទេ ? តើការគោរពសិទ្ធម្ចាស់ដើមវាពិបាកសំរាប់អ្នកខ្លាំងណាស់ឬយ៉ាងណា ? បើតាមស្គាល់ផលិតកម្មនេះខ្ញុំគិតថាអ្នកមិនមែនជាមនុស្សបែបហ្នឹងទេ តែថ្ងៃនេះខ្ញុំមិនយល់ឡើយ” ។ តារាស្រីរូបនេះលើកឡើងចុងក្រោយថា”ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនអន់ចិត្តទេដែលអ្នកយករបស់ខ្ញុំទៅញាំ តែវាអាក្រក់មើលបំផុតដែលអ្នកភ្លេចគុណខ្ញុំ ។ ពិតជាខកចិត្តនឹងផលិតកម្មអ្នកខ្លាំងណាស់ “។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីផលិតកម្មថោនបាននៅឡើយទេ។ ទោះជាយ៉ាងណាបទចម្រៀងមួយនេះ ក៏ត្រូវបានតារាចម្រៀង ទូច ស៊ុននិច យកមកច្រៀងក្នុងផលិតកម្មរស្មីនាគរាជ កាលពីយូរណាស់មកហើយដែរ ៕ វឌ្ឍនា

IMG_5850 ae IMG_0200 IMG_0210


ចែករំលែក៖