ខេត្តព្រះសីហនុ៖ យុវជនម្នាក់ បានយកល្បែង ដុតផាវដាក់ក្នុងដប ដើម្បីឲ្យផ្ទុះយកសម្លេង កំសាន្ត ដែលរូបគេធ្លាប់អនុវត្តកន្លងមក តែម្តងនេះគេបានទិញគ្រាប់ផាវធុនធំបន្តិចមកដុត ដូចពេលកន្លងមក ស្រាប់តែផ្ទុះទាំងផាវ ផ្ទុះទាំងដប បែកចេញជាអំបែងបណ្តាលឲ្យរបួស យ៉ាងធ្ងន់ធ្ងរ ដាច់ដៃ ធ្លាយពោះនិងរបួសច្រើនកន្លែងទៀតផង។
ជនរងគ្រោះមានអាការៈធ្ងន់ បានដឹកបញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តនៅ រសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីជួបគ្រោះនៅវេលាថ្ងៃត្រង់មុននេះបន្តិច ថ្ងៃខែដដែល។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះធន ភក្តី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលាខេត្តព្រះសីហនុ ។
ប្រភពដដែលបានបន្តរថា គ្រួសារយុវជនរងគ្រោះបាននិយាយប្រាប់ប៉ូលីសថា កន្លងមកកូនប្រុសរបស់គាត់តែងលេងរបៀបនេះ ជាញយដងមកហើយ ស្រាប់តែពេលនេះត្រូវផ្ទុះបង្ករបួសធ្ងន់តែម្តង ។
បច្ចុប្បន្នជនរងគ្រោះ បានដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាពហើយ៕ ឆ្លាម សមុទ្រ