ខេត្តកណ្តាល: អនុប្រធានមណ្ឌលសុខភាពនិងជាម្ចាស់គ្លីនិចឯកជនបានរងនូវការចោទប្រកាន់ពីក្រុមគ្រួសារ កម្មការិនីរោងចក្រកាត់ដេរម្នាក់ បន្ទាប់ពីម្ចាស់គ្លីនិចរូបនោះចាក់ថ្នាំហើយព្យួស៉ីរ៉ូមបណ្តាលអោយប្រតិកម្ម ១ម៉ោងក្រោយមកបានស្លាប់នៅតាមផ្លូវពេលដឹកចេញពីគ្លីនិចឯកជនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ករណីម្ចាស់គ្លីនិចឯកជននិងជាអនុប្រធានមណ្ឌលសុខភាពព្យាបាលបណ្តាលអោយកម្មការិនីរោងចក្រកាត់ដេរស្លាប់នេះបានកើតឡើងនៅវេលាម៉ោង៧,៣០នាទីយប់ថ្ងៃទី២១ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបកម្លាំងចម្រុះចុះទៅធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច្ឆ័យលើសាកសពដើម្បីសន្និដ្ឋានពីមូលហេតុនៃការស្លាប់ ដោយឡែក ម្ចាស់គ្លីនិចឯកជនយីហោ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អង្គរជ័យ និងជាអនុប្រធានមណ្ឌលសុខភាពបន្ទាយដែករត់គេចខ្លួនបាត់ហើយ ។
នារីរងគ្រោះមានឈ្មោះ ញ៉ែម វណ្ណា អាយុ២៦ឆ្នាំ មុខ របរជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយចំណែកគ្រូពេទ្យដែលព្យាបាលនារី មានឈ្មោះស៊ូ ម៉ារី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរជាអនុប្រធានមណ្ឌលសុខភាពបន្ទាយដែកនិងជាម្ចាស់គ្លីនិចឯកជន យីហោ អង្គរជ័យ មានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវង សែ អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា យោងតាមម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងប្តឹងម្ចាស់គ្លីនិចអង្គរជ័យ បង្ហាញថា នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នារីរងគ្រោះ មានអាការៈមិនស្រួលខ្លួន ហើយក៍បានទូរស័ព្ទហៅគ្រូពេទ្យឈ្មោះស៊ូ ម៉ារី ជាម្ចាស់គ្លីនិច អង្គរជ័យ មកពិនិត្យនិងព្យា បាលជំងឺនៅផ្ទះរបស់នារីរងគ្រោះ ។
ពេលមកពិនិត្យ គ្រូពេទ្យប្រាប់ថា រលាកបំពង់ក បន្ទាប់មកអ្នកគ្រូពេទ្យ ឈ្មោះស៊ូ ម៉ារី បានចាក់ថ្នាំ២ម្ជុលនិងព្យួសេរ៉ូម១ប្លោក រួចហើយអោយថ្នាំគ្រាប់ទុកលេបបន្ថែមទៀត។ កន្លះម៉ោង ក្រោយការចាក់ថ្នាំនិងព្យួសេរ៉ូមស្រាប់តែនារីរងគ្រោះមានអាការៈខុសប្រក្រតីអាចនិយាយបានថា ប្រតិកម្មថ្នាំ ។
លោកអធិការរងបានបន្តថា បន្ទាប់ពីមានអាការៈខុសប្រក្រតីអ្នកគ្រូពេទ្យឈ្មោះស៊ូ ម៉ារី បានប្រាប់អោយក្រុមគ្រួសារដឹកនារីរងគ្រោះមកពិនិត្យនៅគ្លីនិចរបស់ខ្លួន….ពេលមកដល់គ្លីនិចឃើញនារីរងគ្រោះមានអាការៈធ្ងន់ធ្ងរ…ភ្លាមនោះម្ចាស់ គ្លីនិចបានអោយក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលនារីរងគ្រោះបានស្លាប់នៅតាមផ្លូវ ។
បន្ទាប់ពីដឹងថាកូនស្លាប់…. ម្តាយនារីរងគ្រោះបានដឹកកូនត្រឡប់មកផ្ទះវិញ ហើយទៅដាក់ពាក្យបណ្តឹងទាំងយប់នៅនគរបាលប៉ុស្តិ៍… លុះព្រឹកឡើងទើបកម្លាំងចម្រុះចុះមកធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពដើម្បីរកមូលហេតុនៃការស្លាប់ដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពី មន្ទីរសុខាភិ បាលខេត្ត-ស្រុក រួមជាមួយ កម្លាំងនគរបាលខេត្តនិងស្រុកផងដែរ ។ បន្ទាប់ពី ទទួល ពាក្យបណ្តឹងពីម្តាយនារីរងគ្រោះ សមត្ថកិច្ចមូលដ្ឋាន បានកោះហៅអ្នកគ្រូពេទ្យ ឈ្មោះ ស៊ូម៉ារី មកបំភ្លីតែគ្រូ ពេទ្យរូបនេះគេចខ្លួនបាត់ហើយ ។
ពាក់ព័ន្ធករណីម្ចាស់គ្លីនិច យីហោ អង្គរជ័យ និងជាអនុ ប្រធានមណ្ឌលសុខភាពបន្ទាយដែកចាក់ថ្នាំបណ្តាលអោយ អ្នកជំងឺស្លាប់នេះដែរលោកនង សុវណ្ណា ប្រធានមន្ទីរពេទ្យ បង្អែក កៀនស្វាយបានអោយ ដឹងថា គ្លីនិចយីហោ” អង្គរជ័យ” នេះម្ចាស់ទីតាំង បានសុំ បើកធ្វើអាជីវកម្ម ត្រឹម ត្រូវតាមផ្លូវច្បាប់ ។ ចំពោះ ករណីព្យាបាលជំងឺបណ្តាលអោយមនុស្សស្លាប់នេះក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្តនិងស្រុកសហការជាមួយសមត្ថកិច្ចបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ទៅលើ សាកសព ទើបសន្និដ្ឋានជាផ្លូវការ.. ពេលនេះមិនទាន់ដឹងថាការស្លាប់នេះបណ្តាលមកពីមូលហេតុ អ្វីអោយប្រាកដនោះទេ….ដោយ ក្រុមគ្រូពេទ្យកំពុងត្រួតពិនិត្យទៅលើស្ថានភាពជំងឺ ទៅលើបច្ចេកទេសនៃការព្យាបាល និងទៅលើថ្នាំពេទ្យដែលយកទៅប្រើប្រាស់អោយអ្នកជំងឺ ។
ចំពោះចំណាត់ការផ្លូវ ច្បាប់ទៅលើម្ចាស់គ្លីនិច” អង្គរជ័យ” ពាក់ព័ន្ធករណីព្យា បាលបណ្តាលអោយអ្នកជំងឺស្លាប់នេះក្រុមការងាររបស់ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្តកណ្តាលបានប្រជុំដើម្បីចាត់វិធានការទៅម្ចាស់គ្លីនិចនេះហើយ….. តែមិនទាន់ ដឹងថាមានចំណាត់ការ យ៉ាងណានោះទេ…រង់ចាំការសម្រេចពីក្រសួងសុខាភិបាលនិង មន្ទីរសុខាភិបាលខេត្តបន្ទាប់ពីក្រុមការងារសន្និដ្ឋានពីមូលហេតុនៃ ការស្លាប់ជាផ្លូវការ ៕ សណ្តោស