ខេត្តកណ្តាលៈ ចោរលួចកាច់.កម៉ូតូធ្លាប់ធ្វើសកម្មភាពដ៏សកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនបាន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ដកហូតបានម៉ូតូ៣គ្រឿង ស្លាកលេខ៤បន្ទះ ថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យជាចោរលួចកាច់.កម៉ូតូ និងជួញដូរគ្រឿងញៀនខុសច្បាប់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សុទ្ធ សំបូរ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ ដើរលួច និងជួញដូរគ្រឿងញៀន មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ៣គ្រឿង ម៉ាកហុងដាសេ CBF190 ពណ៌ស ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខ ,ម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់វី ពណ៌ខ្មៅ ស៊េរី២០០៥ គ្មានស្លាកលេខ ,ម៉ូតូម៉ាកDIO ពណ៌ខ្មៅ គ្មានស្លាកលេខ ,ស្លាកលេខម៉ូតូចំនួណ៤បន្ទះ (ភ្នំពេញ1GA-7773 ,ភ្នំពេញ1L-7476 ,កំពង់ឆ្នាំង1B-4479 និងជ.5799-ភព1) ,ឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចកាច់.កម៉ូតូមួយចំនួន ,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថា មានការសង្ស័យទៅលើជនសង្ស័យខាងលើនេះជាមុខសញ្ញាលួចកាច់.កម៉ូតូ និងជួញដូរគ្រឿងញៀនរួចមក កម្លាំងនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះរួមជាមួយវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ សុទ្ធ សំបូរ បានសារភាពថា កន្លងមកខ្លួននឹងបក្ខពួកបានធ្វើសកម្មភាពលួចកាច់.កម៉ូតូបានសម្រេចជាច្រើនលើកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ រហូតមកដល់បច្ចុប្បន្ននេះបងក្ខពួករបស់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនដាក់គុកអស់ហើយ នៅសល់តែរូបគេម្នាក់ឯងប៉ុណ្ណោះ ។ ជនសង្ស័យបានបញ្ជាក់ថា ក្រៅពីធ្វើសកម្មភាពលួចកាច់.កម៉ូតូរូបគេតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ឯក សេង សុជាតិ បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងជំនាញនគរបាលយុត្តិធម៌ កសាងសំណុំរឿងពីបទលួច និងជួញដូរ-ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ស្អាងជ័យ