ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតបារាំងប្រកាសព័ត៌មាន៖ ក្រុមហ៊ុនបារាំងធំៗចំនួន១៥បង្ហាញពីជំនាញរបស់ខ្លួនលើការអភិវឌ្ឍទីក្រុងដោយចីរភាព

ចែករំលែក៖

កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតបារាំងនៅកម្ពុជា និងទីភ្នាក់ងារជាតិបារាំង Business France បានរៀបចំសន្និសីទបច្ចេកទេសមួយលើប្រធានបទ«ទីក្រុងចីរភាព» ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក ហ្សង់-ក្លូដ ពាំបឺហ្វឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ត្រាក់ ថៃសៀង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជននានាជាង៨០នាក់ពិសេសតំណាងក្រុមហ៊ុនបារាំងធំៗដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីចែករំលែកចំណេះដឹងលើផ្នែកអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីអាកាសធាតុដែលមានគោលដៅជំរុញសកម្មភាពនិងការវិនិយោគចាំបាច់នានាសម្រាប់ធានាអនាគតមួយប្រកបដោយចីរភាព និងបន្ស៊ាំទៅនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ។ ខ្លឹមសារសន្និសីទបច្ចេកទេសខាងលើក៏ស្របទៅនឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស៍ និងរាជធានីភ្នំពេញ ដែលផ្តោតលើនគរូបនីយកម្ម ការគ្របគ្រងលំហរ និងមធ្យោបាយដឹកជញ្ជូនសាធារណៈ។ ប្រទេសបារំាង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រដល់គម្រោងជាច្រើន ដែលមានគោលដៅលើកស្ទួយបរិស្ថាន កំណើនប្រកបដោយចីរភាព និងគុណភាពនៃការរស់នៅតាមក្រុងនានា ។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោកឯកអគ្គរដ្ឋទូតបារាំងបានបង្ហាញចំណាប់អារម្មណ៍ថា កំណើនសេដ្ឋកិច្ចស្ថិតស្ថេររយៈពេល២០ឆ្នាំមកនេះបានធ្វើអោយប្រទេសកម្ពុជាមានការផ្លាស់ប្តូរយ៉ាងច្រើនពិសេសនៅតំបន់ប្រជុំជនដូចជារាជធានីភ្នំពេញជាដើម។លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ខណ:ដែលប្រជាជននៅតំបន់ប្រជុំជនអាចកើនឡើងទ្វេដងនៅឆ្នាំ២០៣០ បញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ន ដូចជាការបំពុលបរិស្ថាន និងចរាចរណ៍យានយន្តនឹងចោទកាន់តែខ្លាំងនៅពេលខាងមុខហើយយើងបានឃើញតាំងពីពេលនេះទៅហើយនូវតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាទីក្រុងក្នុងគ្រប់វិស័យទាំងអស់។

ទស្សនកិច្ចរបស់ក្រុមហ៊ុនបារាំងចំនួន១៥នៅពេលនេះគឺជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ ដែលត្រូវបានពិភាក្សានៅក្នុងសន្និសីទដូចជា : ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ការផលិតនិងប្រើប្រាស់ថាមពលដោយសមស្រប មធ្យោបាយដឹកជញ្ជូនសាធារណៈ ការកែច្នៃកាកសំណល់ និងការសាងសង់ដោយគិតគូរដល់បរិស្ថានជាដើម។ ក្នុងអំឡុងកិច្ចពិភាក្សា ក្រុមហ៊ុនបារាំងបានស្នើឡើងនូវដំណោះស្រាយនានាដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាស្របតាមយុទ្ធសាស្រ្តចតុកោណដែលផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។ក្រៅពីនេះ ក្រុមហ៊ុនបារាំងបានជួបពិភាក្សាដាច់ដោយឡែកជាមួយតំណាងក្រុមហ៊ុនក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធនានា។

ក្រុមហ៊ុនបារាំងដែលបានចូលរួមក្នុងសន្និសីទមាន ៖ALSTOM, APAVE, AREP, ARTELIA, CAMBODIA AIRPORTS, GREEN YELLOW, L’ATELIER ARCHITECTES, MARTIN DUPLANTIER, POMA, QUADRAN, SCHNEIDER ELECTRIC, SUEZ, SYSTRA, VEOLIA WATER និង VINCI CONSTRUCTION GRANDS PROJETS ៕

សម្រាប់ព័ត៌មានបន្ថែម៖
លោកម៉ាកតាំង ប្រ៊ីសុង អនុព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការិយាល័យសេដ្ឋកិច្ច-ស្ថានទូតបារាំងប្រចាំនៅកម្ពុជា
អ៊ីមែល៖ Martin.brisson@dgtresor.gouv.fr-ទូរស័ព្ទ ០៣១ ៨៣៣ ៦៥៥៥

Image 1 Image 2 Image 3 Image 4


ចែករំលែក៖