ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍​ សម្រេច​ឲ្យ​នគរបាលដែល​​សម្លាប់​សង្សារ​ជា​និស្សិត​វ៉ាន់ដា​ជាប់​គុក​មួយ​ជីវិត​ដដែល​

ចែករំលែក៖

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចឲ្យបុរសម្នាក់ដែលទើបប្រឡងជាប់ជានគរបាល ពាក់ព័ន្ធបទល្មើសសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យហើយយកសពទម្លាក់ក្នុងទឹកទន្លេ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ដដែល ។

លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការពេញទាំងមូល ។ ការសម្រេចបែបនេះ លោកចៅក្រមពុំបានអាននូវសំអាងហេតុ នោះទេ ។

គួរបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ ចំនួន ៣បទល្មើស គឺ បទឃាតកម្មគិតទុកជាមុន បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។

នាពេលសវនាការសាលាឧទ្ធរណ៍ កន្លងទៅ ជនជាប់ចោទនៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ ។

គួររំលឹកថា ឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ៕ ចេស្តា

ae


ចែករំលែក៖