ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួននារីម្នាក់ បន្ទាប់ពីចូលទៅសួរសុខទុក្ខបងប្អូននៅក្នុងមណ្ឌលកែប្រែ ដោយលាក់សារធាតុញៀនជាប់នឹងខ្លួនបំណងយកទៅឲ្យអ្នកទោស។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមណ្ឌលកែប្រែ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ កែវ សុវណ្ណារី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើបានសុំអ្នកយាមនៅមាត់ច្រកចេញចូលថា ទៅមើលបងប្អូនដែលជាប់នៅក្នុងមណ្ឌលកែប្រែ ហើយអ្នកយាមច្រកចេញ ចូល ក៏បានឆែកឆេរទៅលើរបស់របរជនសង្ស័យមុននឹងឲ្យចូលទៅជួប ខណៈឆែកឆេរក៏បានប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចសៀតចំហៀងកញ្ចប់បារី ទើបឃាត់ខ្លួន និងបានរាយការណ៍ដល់សមត្ថកិច្ចអន្តរាគមន៍ភ្លាមៗផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលដំណឹងភ្លាមកម្លាំងនគរបាលចោមចៅ ក៏បានចុះទៅដល់ចំណុចកើតហេតុ និងនាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ