អតីតប្រធានាធិបតី George W.Bush កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានធ្វើការវិភាគជុំវិញគោលនយោបាយអន្តោប្រវេសន៍ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាសេរីភាពសារព័ត៌មានព្រមទាំងទំនាក់ ទំនងរវាងអាមេរិកនឹងរុស្ស៊ីផងដែរ។
ចាប់តាំងពីបញ្ចប់តំណែងប្រធានាធិបតី មកទល់ពេលនេះលោក ប៊ូស មិនដែល ចូលរួមនៅក្នុងសកម្មភាពនយោបាយនោះឡើយរហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ទើបលោកមានការវិភាគជុំវិញបញ្ហាក្តៅៗ នៅក្នុងប្រទេសក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន NBC ។
លោក ប៊ូស បានលើកឡើងពីគោល នយោបាយហាមជនអន្តោប្រវេសន៍បណ្តោះ អាសន្នរបស់លោក ត្រាំ ដោយក្នុងនោះ បានហាមប្រាមជនអន្តោប្រវេសន៍មកពី៧ប្រទេសចូលក្នុងទឹកដីអាមេរិក។ លោក ប៊ូស បញ្ជាក់ថា គួរណាស់តែការពារសេរី ភាពសាសនា ហើយការវាយប្រហារភេរវ កម្មមិនមែនជាសង្គ្រាមសាសនានោះឡើយ គឺជាសង្គ្រាមមនោគមន៍វិជ្ជាជ្រុលនិយម។
លោក ប៊ូស បញ្ជាក់ថា «ចំណុចខ្លាំង របស់យើងគឺមនុស្សគ្រប់រូបមានសេរីភាពនៅក្នុងជំនឿសាសនាមិនប្រកាន់ថា ជា សាសនាអ្វីឡើយ។ ខ្ញុំគិតថានេះជាសង្គ្រាម មនោគមន៍វិជ្ជាតៗគ្នា។ អ្នកដែលសម្លាប់ មនុស្សគ្មានកំហុសមិនមែនជាសាសនិក របស់សាសនាណាមួយនោះឡើយ។
នៅពេលដែលអ្នកសម្ភាសន៍បានសួរពីគោលនយោបាយជនអន្តោប្រវេសន៍លោក ប៊ូស បានបញ្ជាក់ថា លោកគាំទ្រជនភៀសខ្លួនចូលមកទឹកដីអាមេរិកទៅតាមច្បាប់។
ចំណែកទំនាក់ទំនងជាមួយរុស្ស៊ីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក ប៊ូស បញ្ជាក់ថា យើងត្រូវការចម្លើយច្បាស់ លាស់ដោយមានក្រុមស្រាវជ្រាវឯករាជ្យធ្វើការរឿងនេះថា តើរុស្ស៊ីពិតជាបានជួយ ដល់លោក ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិកដែរឬទេ។
អ្វីដែលលោក ប៊ូស ចាប់អារម្មណ៍បំផុតនាពេលនេះគឺសេរីភាពសារព័ត៌មាន។ អំពី ការប្រកាសរបស់លោក ត្រាំ ថា ប្រព័ន្ធ ផ្សព្វផ្សាយគឺជាសត្រូវរបស់ពលរដ្ឋអាមេរិក នោះគឺជារឿងមិនសមហេតុផល។ សេរីភាព សារព័ត៌មានគឺជាមូលដ្ឋានគ្រឹះសម្រាប់ ប្រជាធិបតេយ្យ។ ប្រសិនបើលោក ត្រាំ រារាំងសេរីភាពសារព័ត៌មាននោះអាមេរិកមានមុខឯណាទៀតទៅបង្រៀនប្រជាធិបតេយ្យនៅបរទេសបាន។
ការលើកឡើងរបស់លោក ប៊ូស គឺជា រឿងសមហេតុសមផលក្រោយពេលដែលសេតវិមានពេលថ្មីៗនេះបានចេញសេចក្តីសម្រេចហាមប្រាមបណ្តាញព័ត៌មានធំៗដែលតែងតែរិះគន់រដ្ឋាភិបាល ដូណាល់ ត្រាំ ចូលរួមនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃដែលធ្វើឡើងដោយអ្នកនាំពាក្យសេតវិមានលោក Sean Spicer ។
តាមការប្រកាសរបស់សេតវិមានបានឲ្យដឹងថា បណ្តាញព័ត៌មានដែលហាមប្រាម ចូលរួមនៅក្នុងសន្និសីទកាសែតរួមមាន បណ្តាញព័ត៌មាន CNN ,the New York Times , Politico, The Los Angeles Times និង BuzzFeed ចូលថតរូប និងយកព័ត៌មាន នៅសេតវិមាន។
ការសម្រេចរបស់សេតវិមានបង្កឲ្យមាន ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់នៅអាមេរិក និងសហគមន៍ អន្តរជាតិ។ បណ្តាញព័ត៌មានដែលបានហាមប្រាមគឺមានការផ្សព្វផ្សាយទូទាំង អាមេរិក និងពិភពលោក។ អ្នកនាំពាក្យ សេតវិមានលោក Spicer មិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានការហាមប្រាមចូលយកព័ត៌មានរបស់បណ្តាញព័ត៌មានធំៗខាងលើនេះទេ។
សារព័ត៌មានរ៉យទ័របានផ្សាយថា បណ្តាញផ្សព្វផ្សាយមួយចំនួនដូចជា Bloomberg , CBS និង រ៉យទ័រផងដែរ បានចូលរួមនៅក្នុងសន្និសីទកាសែតជាប្រចាំដែលធ្វើឡើងនៅក្នុងបន្ទាប់ធ្វើការរបស់លោក Spicer មិនមែននៅក្នុងបន្ទប់សន្និ សីទកាសែតនៅសេតវិមានដូចដើមនោះ ឡើយ។
អ្នកនាំពាក្យសេតវិមានលោក Spicer បានបញ្ជាក់ថា «ការងាររបស់យើងគឺធានាដល់ការផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ពល រដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហើយយើងនឹងឆ្លើយនូវសំណួរទាំងឡាយរបស់អ្នកសារព័ត៌មាន។ ប៉ុន្តែពេលនេះ យើងមិនចាំបាច់ធ្វើបែបនេះជារឿងរាល់ថ្ងៃនោះឡើយ។
សកម្មភាពហាមប្រាមថតរូបនៅក្នុង ពេលធ្វើសន្និសីទកាសែតនៅសេតវិមាន ធ្វើឲ្យបណ្តាញព័ត៌មានធំៗដូចជា AP និង Times សម្រេចចិត្តចាកចេញពីបន្ទប់សន្និសីទផងដែរដើម្បីប្រឆាំងនឹងការហាមប្រាម នេះ។ សកម្មភាពបែបនេះរបស់សេតវិមានដោយសារតែបណ្តាញព័ត៌មានជាច្រើន ប្រឆាំងនឹងនយោបាយដឹកនាំរបស់លោក ត្រាំ ។
ចំណែកគម្រោងបណ្តេញជនអន្តោ ប្រវេសន៍ខុសច្បាប់នៅអាមេរិករបស់លោក ត្រាំ កំពុងរងការរិះគន់យ៉ាងខ្លាំងពីគ្រប់ ទិសទីក្នុងពេលដែលពលរដ្ឋរាប់សិបលាននាក់កំពុងស្វែងរកការជ្រកកោននៅក្នុង ប្រទេសមានសន្តិសុខ ស្ថិរភាព។
ពាក់ព័ន្ធនឹងការបណ្តេញជនអន្តោ ប្រវេសន៍របស់លោក ត្រាំ កន្លងមកអភិ បាលក្រុងញូវយ៉កលោក Eric Schneiderman បានប្រកាសថា រដ្ឋាភិបាលអាមេរិក គ្មានសិទ្ធិទៅតាមផ្លូវច្បាប់ក្នុងការបណ្តេញជនអន្តោប្រវេសន៍នៅតាមតំបន់នោះឡើយ ប្រសិនបើមន្ត្រីក្នុងតំបន់មិនយល់ព្រមនោះ។
លោក Eric Schneiderman បាន បញ្ជាក់ថា «ទៅតាមផ្លូវច្បាប់ដែលមន្ត្រីនៅក្នុងរដ្ឋញូវយ៉កប្រកាសកាលពីខែមករាកន្លង មកមន្ត្រីក្នុងតំបន់មិនត្រូវបានបង្ខំឲ្យចូល រួមអនុវត្តគោលនយោបាយបណ្តេញជន អន្តោប្រវេសន៍ដែលខ្វះភាពឆ្លាតវៃ និង មានលក្ខណៈបំផ្លាញរបស់ប្រធានាធិបតី ត្រាំ»។
ការប្រកាសរបស់អភិបាលក្រុងញូវយ៉ក ធ្វើឡើងក្រោយពេលដែលក្រសួងសន្តិសុខ ជាតិអាមេរិក DHS បានប្រកាសថា រដ្ឋា ភិបាលប្រទេសនេះនឹងចាប់ផ្តើមបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក។
គម្រោងច្បាប់ខាងលើបង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ពិសេសជនអន្តោប្រវេសន៍ជាង១១លាននាក់នៅអាមេរិកដែលមិនទាន់មានលិខិតស្នាមរស់នៅ។ ការបណ្តេញជនអន្តោប្រវេសន៍របស់លោក ត្រាំ នឹងធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកថ្កោលទោស ពិសេសគឺមេដឹកនាំនៅក្នុងតំបន់ អឺរ៉ុបក្នុងពេលដែលអឺរ៉ុបកំពុងតែរៀបចំការបែងចែកជនភៀសខ្លួនហូរចូលអឺរ៉ុបរាប់ លាននាក់។
បច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹង វិបត្តិជនភៀសខ្លួន ចំណែកអាមេរិកវិញក្នុង នាមជាប្រទេសមហាអំណាចលើពិភពលោក បែរជាបណ្តេញជនភៀសខ្លួនទៅវិញ គឺជាទង្វើផ្ទុយទៅនឹងគោលការណ៍អន្តរជាតិ និង ជាប្រទេសមហាអំណាចលើពិភពលោក។ គម្រោងបណ្តេញជនអន្តោប្រវេសន៍របស់លោក ត្រាំ រងការធ្វើបាតុកម្មប្រឆាំងយ៉ាង ខ្លាំងពីពលរដ្ឋអាមេរិកដោយសារតែនៅលើ ទឹកដីអាមេរិកមានពលរដ្ឋជាង៣០០លាននាក់ភាគច្រើនជាជនអន្តោប្រវេសន៍ដូចគ្នា ហើយលោក ត្រាំ ក៏ជាកូនចៅជនអន្តោ ប្រវេសន៍នៅអាមេរិកដែរ៕ ម៉ែវ សាធី