រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ញើលិខិតប្រឆាំងរុស្ស៊ីដែលបានដាក់ឈ្មោះឲ្យកោះ ចំនួនប្រាំនៅតំបន់សមុទ្រស្ថិតនៅក្នុងខេត្ត Hokkaido ប្រទេសជប៉ុន ដែលរដ្ឋាភិបាលជប៉ុនចាត់ទុកថាជាទឹកដីភាគខាងជើង។ ចំណែករុស្ស៊ីវិញបានហៅថា ប្រជុំកោះ ភាគខាងត្បូងរុស្ស៊ី។
ការប្រឆាំងខាងលើរបស់រដ្ឋាភិបាល ទីក្រុងតូក្យូបង្ហាញឲ្យឃើញថា កោះទាំង នោះគឺជារបស់ជប៉ុន។ កន្លងមកថ្មីៗនាយក រដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បាន ចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យដាក់ឈ្មោះថ្មីតាមឈ្មោះរបស់អតីតមេទ័ពសូវៀត និងមន្ត្រីសំខាន់ៗរបស់រុស្ស៊ី។
ក្រៅពីការដាក់ឈ្មោះថ្មីរុស្ស៊ីក៏បាន សម្រេចបញ្ជូនទាហាននិងអាវុធទៅកាន់ ទីនោះ។ ការបញ្ជូនកងពលធំទៅកាន់ប្រជុំកោះមានវិវាទជាការផ្ទុយស្រឡះនឹងគោល ជំហររដ្ឋាភិបាលជប៉ុន។ ប៉ុន្តែមូស្គូថ្លែងថា ការពង្រាយទ័ពនេះឥតពាំនាំជាគ្រោះថ្នាក់អ្វីណាមួយទេ។ មិនតែប៉ុណ្ណោះរុស្ស៊ីថែម ទាំងត្រៀមសហការជាមួយជប៉ុនផងខាង បញ្ហាយោធា។
គួរនិយាយបានថា អម្បូរកោះនោះឯងតាមការបកស្រាយក្រុងតូក្យូគឺជាដែនដីខាង ជើងរបស់ជប៉ុនទេតើ។ វាបានឆ្លងមកនៅក្រោមការត្រួតត្រារបស់កងទ័ពសូវៀត ក្រោយពីជប៉ុនចាញ់សង្គ្រាមលោកលើក ទី២ ក្នុងឆ្នាំ១៩៤៥ ហើយអ្នកស្រុកជប៉ុន នៅទីនោះប្រមាណ១៧.០០០នាក់ ត្រូវ បានបង្ខំឲ្យចាកចេញទៅ។
ថ្លែងកាលពីម្សិលមិញក្នុងសន្និសីទសារ ព័ត៌មាននៅក្រុងតូក្យូអគ្គលេខាធិការរដ្ឋា ភិបាលជប៉ុនលោក Yoshihide Suga បាន ឲ្យដឹងថា ជប៉ុននឹងតាមដានយ៉ាងដិតដល់ អំពីវិធានការចាត់ដោយរុស្ស៊ី។ តាមសម្តី គាត់ បើចំណាត់ការរុស្ស៊ីលេចចេញជាកា បង្កើនចំនួនទ័ពនៅលើអម្បូរកោះនោះមែនគឺវាផ្ទុយនឹងគោលជំហរជប៉ុនតែម្តង។
ជាការរំលឹកកាលពីខែធ្នូកន្លងទៅនៅក្រុងតូក្យូលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាច្រើនច្បាប់ ប៉ុន្តែមិនបានរំកិលឲ្យទៅមុខ បានដូចចិត្តឡើយសំណុំរឿងកោះជាប់វិវាទ នោះ។ ដើម្បីពន្លឿនវាលោក Shinzo Abe នឹងមកបំពេញទស្សនកិច្ចនៅរុស្ស៊ីក្នុងឆ្នាំ ២០១៧នេះ។
កិច្ចចរចានឹងតម្រង់ទៅដោះស្រាយ ដែនដីជាប់វិវាទ ហើយសាកល្បងចុះជា សន្ធិសញ្ញាសន្តិភាពរវាងជប៉ុននឹងរុស្ស៊ីគ្រាន់ នឹងខណ្ឌបញ្ចប់ជាផ្លូវការភាពជាសត្រូវនឹង គ្នាសល់ពីសង្គ្រាមលោកលើកទី២៕ ម៉ែវ សាធី