ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ឡើងគម្រោងចំណាយសម្រាប់ ការពារជាតិ

ចែករំលែក៖

កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋាភិបាល របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើ បង្កើនការចំណាយសម្រាប់ការពារជាតិ ហើយគម្រោងចំណាយនោះនឹងប្រកាសជាផ្លូវការនៅខែមីនាខាងមុខ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលនិធិសម្រាប់ការពារជាតិដែលប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើនោះក្នុងគោល ដៅពង្រឹងវិស័យយោធាឲ្យកាន់តែខ្លាំង ជាងមុនក្រោយពេលលោក ត្រាំ យល់ថា អាមេរិកកំពុងតែដើរថយក្រោយ បើប្រៀប ធៀបនឹងប្រទេសដទៃទៀត។ ការចំណាយ ក្នុងគោលដៅផលិតយន្តហោះចម្បាំងនាវាចម្បាំងនឹងបង្កើតវត្តមានរបស់អាមេរិកនៅតំបន់សមុទ្រ Hormuz ជាប់ប្រទេសអីុរ៉ង់ និង តំបន់សមុទ្រចិនភាគខាងត្បូងដែលកំពុងតែមានវិវាទនិងជាចំណុចក្តៅបំផុតអាច ផ្ទុះសង្គ្រាមគ្រប់ពេល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមូលនិធិសម្រាប់ការពារជាតិមានការកើនឡើង ចំណែកមូលនិធិសម្រាប់កិច្ចការបរទេសមានការថយចុះទៅវិញ។ មូលនិធិសម្រាប់ក្រសួងការបរទេសត្រូវបានកាត់បន្ថយ ដល់ទៅ៣០ភាគរយគឺជាចំនួនមួយយ៉ាងច្រើនទំនាក់ទំនងរវាងអាមេរិកនឹងពិភពលោកធ្លាក់ចុះ។

កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់ បានលើកឡើងពីការបង្កើនចំណាយទៅលើក្រសួងការពារជាតិនៅតាមកញ្ចក់ទូរ ទស្សន៍ដោយលោកបញ្ជាក់ថា អាមេរិកចាំ បាច់ត្រូវតែពង្រឹងវិស័យយោធាទាំងការវាយ លុកនិងការពារជាតិឲ្យបានល្អបំផុត។ លោកបានប្រកាសពីឃ្លាំងអាវុធបរមាណូ របស់អាមេរិកត្រូវតែពេញ។ ជាមួយគ្នានោះ លោកបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមាន ការហួសសម័យពីថាមពលបរមាណូ។

ការប្រកាសខាងលើរបស់លោក ត្រាំ នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានរ៉យទ័រ ហើយនេះជាការវិភាគដំបូង របស់លោក ត្រាំ ស្តីពីឃ្លាំងអាវុធបរមាណូ របស់អាមេរិកចាប់តាំងពីឡើងកាន់តំណែង ប្រធានាធិបតីមួយខែកន្លងមក។

ប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា លោក ចង់មើលឃើញពិភពលោកគ្មានបរមាណូ ប៉ុន្តែលោកព្រួយបារម្ភពីភាពហួសសម័យកម្មវិធីបរមាណូរបស់អាមេរិក។ តាមអង្គការប្រឆាំងអាវុធបរមាណូបានឲ្យដឹងថា បច្ចុប្បន្នអាមេរិកមានក្បាលគ្រាប់បរមាណូរហូតដល់ទៅ៦.៩៧០ ចំណែករុស្ស៊ីមាន រហូតដល់ទៅ៧.៣០០គ្រាប់។

នៅក្នុងបទសម្ភាសន៍លោក ត្រាំ បានចាត់ទុកសន្ធិសញ្ញាកាត់បន្ថយអាវុធបរមាណូគឺជាកិច្ចព្រមព្រៀងតែម្ខាងប៉ុណ្ណោះ។ កន្លងមកនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក ពូទីន កាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ លោក ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងខាងលើអាក្រក់ សម្រាប់អាមេរិកតែមានផលប្រយោជន៍ សម្រាប់រុស្ស៊ី។ ចំណុចទាំងនោះហើយ ទើបលោកត្រាំមានគម្រោងអភិវឌ្ឍកម្មវិធីអាវុធបរមាណូរបស់អាមេរិក។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ លោក ត្រាំ បានរៀប ចំដំឡើងពន្ធនាំចូលដល់ទៅ២០ភាគរយៈ ក្នុងគោលដៅជំរុញការផលិតនៅអាមេរិកឲ្យកាន់តែច្រើនជួយឲ្យពលរដ្ឋអាមេរិកមាន ការងារធ្វើគ្រប់ៗគ្នា។

នៅពេលដែលទំនិញនាំចូលអាមេរិកត្រូវបន្ថែមពន្ធ២០ភាគរយទៀតនោះធ្វើឲ្យផលិតផលនាំចូលអាមេរិកនឹងជួបនូវវិបត្តិជាមិនខាន ពិសេសគឺផលិតផលរបស់ចិន។ នៅពេលនោះផលិតផលរបស់ចិនអាច មានតម្លធថ្លៃជាងនៅលើទីផ្សារអាមេរិក។

កត្តាទាំងនោះហើយអាចជំរុញឲ្យអាមេរិក និងចិនផ្ទុះសង្គ្រាមពាណិជ្ជកម្មអាចឈានដល់សង្គ្រាមប្រដាប់អាវុធទៀតផង។ បច្ចុប្បន្នសេដ្ឋកិច្ចរបស់ចិនពឹងផ្អែកទៅលើវិស័យនាំចេញក្នុងនោះនាំទៅកាន់អាមេរិក។ នៅពេលដែលអាមេរិកដំឡើងពន្ធនាំ ចូលផលិតផលរបស់ចិនពិបាកក្នុងការចរាចរនៅលើទីផ្សារអាមេរិក៕ ម៉ែវ សាធី

trump


ចែករំលែក៖