ខេត្តក្រចេះ ៖ ជនល្មើសម្នាក់ក្នុងចំណោម បក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់ត្រីតាមដងទន្លេមេគង្គក្បែរអន្លង់ផ្សោតកាំពី ចំណុចអន្ទង់ វៀនស្រះត្រពាំង ភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការសហការរវាងមន្ត្រីជលផលជាមួយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ។
ជនល្មើសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សូ ណាឡាយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានឆ្មាំ ទន្លេអភិរក្សសត្វផ្សោតខេត្តបានឲ្យដឹងថា ដោយមានការផ្តល់អនុសាសន៍ពីលោក សរ ចំរុង អភិបាលខេត្តក្រចេះ និងលោកអភិបាលស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែចង្អុលបង្ហាញ និងជំរុញឲ្យ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលខេត្តត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការចុះ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងដែនអភិរក្យសត្វផ្សោត និងអន្លង់ត្រីមេពូជនៅក្នុងខេត្តក្រចេះ ជា ពិសេសអន្លង់សត្វផ្សោតកាំពី ។
លោកនាយរងខណ្ឌបានបន្តថា ការចុះបង្ក្រាបពេលនេះគឺលោកបានដឹកនាំកម្លាំងមន្ត្រីជលផល សហការជាមួយកម្លាំងកង រាជអាវុធហត្ថស្រុកចិត្របុរី ដោយចេញប្រតិ បត្តិការជាសម្ងាត់ពួនស្ទាក់ជាច្រើនម៉ោងទើបប្រទះឃើញជនសង្ស័យធ្វើសកម្មភាពតាមដងទន្លេពីលើមកក្រោមពេលមកដល់ចំណុច ពួនស្ទាក់សមត្ថកិច្ចឃាត់បានម្នាក់ រីឯម្នាក់ទៀតបានលោតទឹកហែលឡើងលើ កោះគេចខ្លួនបាត់ស្រមោល ។
លោកបញ្ជាក់ថា ក្នុងការឃាត់់ជនសង្ស័យខាងលើគឺសមត្ថកិច្ចដកហូតបានវត្ថុតាង ដូចជាទូកម៉ាស៊ីនកម្លាំង១៣សេះចំនួន ១គ្រឿង អាំងវែរទ័រឆក់ត្រីប្រភេទស្រូប១គ្រឿង អាគុយ៧០អំពែរ២គ្រឿង ដងឆក់ និងកន្ត្រងដងត្រីចំនួន២ ព្រមទាំងត្រីចម្រុះ ប្រមាណ៣គីឡូក្រាមផងដែរ ។
ជនល្មើស និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕ សហការី