ភ្នំពេញ៖ សិល្បករកម្ពុជាច្រើនរូប នឹងបង្ហាញវត្តមាននៅភោជនីយដ្ឋា វីហ្វ្រេន បឹងត្របែកនៅរសៀលថ្ងៃទី១ ខែមីនានេះ ដើម្បីរៀបចំកម្មវិធីអរគុណដល់អ្នកនាង អែនជី លីណាជូលី ដែលបានផលិតភាពយន្តកម្រិតអន្តរជាតិធំមួយគឺរឿង ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ”។ រឿងនេះជួយឲ្យប្រជាជន និងតារាខ្មែរជាច្រើននាក់បានចូលរួមសម្តែង និង បានបង្ហាញពីទុក្ខវេទនារបស់ប្រជាជនខ្មែរនាសម័យកម្ពុជាប្រជាធិបតេយ្យឲ្យក្មេងជំនាន់ក្រោយ និងពិភពកលោកបានដឹង ។
កម្មវិធីនេះត្រូវបានធ្វើឡើងដោយការផ្តួចផ្តើមរបស់សិល្បករក្នុងក្រុម «គ្រួសារតារាកម្ពុជា» និងគាំទ្រដោយក្រសួងវប្បធម៌ វិចិត្រសិល្បៈ។ តារាសិល្ប: ដែលរួមមានតារាចម្រៀង តារាសម្ដែង តារាកំប្លែង និងផលិតករប្រមាណជាង៩០រូប និងមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងព័ត៌មានផងដែរ ។
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម តំណាងគ្រួសារតារាកម្ពុជា បានអះអាងថា នាង និងសិល្បករទាំងអស់ពិតជារំភើប ហើយប្រជាជនខ្មែរ ក៏មានមោទនភាពដែរ ដែលផលិតករសញ្ជាតិកម្ពុជាខាងលើបានផលិតភាពយន្តនេះឡើង ។ នាងលើកឡើងថា បើគ្មានការផលិតភាពយន្តរបស់អ្នកនាងអែនជី លីណាជូលី នោះទេ តារាសម្ដែងខ្មែរ ក៏មិនមានកិត្តិយសបានសម្ដែងក្នុងភាពយន្ត ដែលអាចធ្វើឲ្យពិភពលោកបានស្គាល់ពីការសម្ដែងរបស់តារាខ្មែរនោះដែ រ។ តារាគ្រប់រូបសុទ្ធតែមានកិត្តិយស ជាពិសេសបន្ទាប់ពីបានទស្សនារឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលអ្នកនាងយល់ថា តារាសម្ដែងបានល្អគ្រប់តួ ដោយសារតែមានការផលិតដោយផលិតករហូលីវូដ ។
គួរបញ្ជាក់ដែរថា ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានធ្វើឲ្យកក្រើកអស់អ្នកមហាជនទាំងក្នុងនិងក្រៅស្រុក ។ រឿងរ៉ាវស្តីពីការចងចាំរបស់កុមារីម្នាក់កាលពីអតីត បច្ចុប្បន្នជាសកម្មជនសិទ្ធិមនុស្សនៅអាមេរិក និងជាអ្នកនិពន្ធនៃរឿងនេះដែរឈ្មោះ លឿង អ៊ឹង នោះ បានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានក្នុងនិងក្រៅស្រុកជាច្រើនធ្វើការចុះផ្សាយ។ ដូចការសន្យារបស់ Angelina Jolie ថានឹងធ្វើការចាក់បញ្ចាំងដំបូងគេនៅកម្ពុជាដើម្បីឲ្យប្រជាជនខ្មែរបានទស្សនា នាងក៏នឹងបន្តរៀបចំឲ្យមានការចាក់បញ្ចាំងភាពយន្តនេះនៅរាជធានីភ្នំពេញផងដែរនៅរាត្រីថ្ងៃទី២១ខែកុម្ភៈ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ ភាពយន្តនេះ ត្រូវបានបន្តយកទៅចាក់បញ្ចាំងនៅខេត្តបាប់ដំបងបន្តនៅថ្ងៃទី២៣ ខែកុម្ភៈ បន្ទាប់ពីចាក់បញ្ចាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ៕ វឌ្ឍនា