ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់ត្រូវភ្លើងឆេះរបួសធ្ងន់ខណៈបើកគោយន្តកាត់ចម្ការអំពៅគេកំពុងដុតស្លឹកទើបនឹងកាប់ចោល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចមនុស្ស៣នាក់ត្រូវភ្លើងឆេះរលាករលេះស្បែកពេញខ្លួននៅពេលបើកគោយន្តដឹកឈើកាត់ចម្ការអំពៅ ចៃដន្យម្ចាស់ចម្ការដុតស្លឹកអំពៅទើបនឹងកាប់ចោល។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចម្ការអំពៅស្ថិតនៅភូមិអូអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមមន្រ្តីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនរងគ្រោះដែលរងនឹងភ្លើងឆេះរបួសធ្ងន់នេះទី.ឈ្មោះ អ៊ុន ហម ភេទប្រុស អាយុ៤៨ឆ្នាំ ទី២.ឈ្មោះ អ៊ុន រ័ត្នថា ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣.ឈ្មោះ អ៊ុន ពន្លឺ ភេទប្រុស អាយ១៤ឆ្នាំ ទាំង៣នាក់រស់នៅភូមិក្រាំងពោធិ៍ ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា ឈ្មោះ អ៊ុន រ័ត្នថា និងអ៊ុន ពន្លឺ ជាកូនបង្កើតជនរងគ្រោះឈ្មោះ អ៊ុន ហម។

មន្រ្តីដដែលបានដកស្រង់សម្តីជនរងគ្រោះឈ្មោះ អ៊ុន ហម មកប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បានធ្វើដំណើរតាមគោយន្តដឹកឈើ១គ្រឿង តែមិនបានបើកតាមផ្លូវធំនោះទេ គឺពួកគេបានបើកកាត់ចម្កាអំពៅចំណុចអូអញ្ចា។ នៅមុនពេលបើកឆ្លងកាត់នោះ ពួកគេក៏បានឃើញម្ចាស់ និងកម្មករចម្កាអំពៅដុតស្លឹកអំពៅដែលទើបនឹងកាប់យកដើមរួចនោះដែរ។ ពេលនោះជនរងគ្រោះជាឪពុកបានប្រាប់កូនឈ្មោះ អ៊ុន រ័ត្នថា ដែលជាអ្នកបើកគោយន្តកុំឲ្យបើកឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់ តែជនរងគ្រោះជាកូនទាំង២នាក់នៅតែចចេះ ហើយប្រាប់ទៅឪពុកវិញថា ភ្លើងឆេះតិចៗវាមិនអីទេ។ លុះនៅពេលបើកដល់ពាក់កណ្តាលចម្កា ស្រាប់តែភ្លើងឆេះសន្ធោសន្ធៅព័ទ្ធជំវិញ ធ្វើឲ្យឆាបឆេះជនរងគ្រោះទាំង៣តែម្តង ហើយនៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន រ័ត្នថា បានព្យាយាមបើក និងបន្ថែមល្បឿនគោយន្តមកមុខគេចពីភ្លើង ទើបបណ្តាលឲ្យឆេះរលាករលេះស្បែកដូចច្នេះ។

បើតាមព្រភពនៅកន្លែងកើតហេតុ គេបានឲ្យដឹងថា នៅមុនពេលកើតហេតុ៤-៥ថ្ងៃ ថៅកែរចម្កាអំពៅបានកាប់យកដើមអំពៅ ហើយបានយកស្លឹកគជាពន្នូក។ លុះកាប់ប្រមូលដើមអំពៅអស់ ហើយស្លឹកអំពៅដែលនៅកណ្តាលថ្ងៃក្តៅក៏ស្វិតក្រៀម ទើបម្ចាស់ចម្កាអំពៅបញ្ជាឲ្យកម្មករដុតចោលដូចរាល់ដងជាប្រយោជន៍យកជីពីផេះស្លឹកអំពៅ។

ករណីនេះគេមិនអាចបន្ទោសទៅលើម្ចាស់ចម្កាអំពៅបានទេ ព្រោះមុនពេលដែលជនរងគ្រោះបើកគោយន្តឆ្លងកាត់ចម្កាអំពៅ ក៏បានដឹងដែរថា មានភ្លើងឆេះ។ ម្យ៉ាងទៀតការបើកគោយន្តឆ្លងកាត់ចម្កាអំពៅរបស់ជនរងគ្រោះ ហើយបើកមិនបើកតាមផ្លូវធំ គេសង្ស័យថា ជនរងគ្រោះបើកគេចពីសមត្ថកិច្ចគ្រាដែលជនរងគ្រោះដឹកឈើច្រើនកំណាត់នៅលើគោយន្ត៕ សេនា ស័ក្តិ

67 (4) 67 67 (1) 67 (2) 67 (3)


ចែករំលែក៖