ខេត្តពោធិ៍សាត់៖ ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ភុំ វិមល បាននិងកំពុងភូតកុហក់ថ្នាក់ដឹកនាំក្រសួងអំពីមន្ត្រីរាជការ៣នាក់ ដែលបន្តការងារ ប៉ុន្តែពួកគេទាំង៣នាក់បានចូលនិវត្តន៍តាំងពីឆ្នាំ២០១៥ ។
នៅក្នុងពាក្យបណ្តឹងបានឲ្យដឹងថា មន្ត្រីរាជការ៣នាក់ ដែលបាននិងកំពុងបន្តធ្វើការក្នុងក្របខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់រហូតដល់សព្វថ្ងៃមានឈ្មោះ ១ ស្វាយ សំអាត ថ្ងៃ ខែ ឆ្នាំកំណើត ១០ តុលា ១៩៦០ បច្ចុប្បន្នជានាយផ្នែករដ្ឋបាលជលផលស្តីទីក្រគរ, ២ សុខ រិន ថ្ងៃ ខែ ឆ្នាំកំណើត ២៥ មករា ១៩៦១ បច្ចុប្បន្នជានាយរងសង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង និងទី៣ ភេម សុខុន ថ្ងៃ ខែ ឆ្នាំកំណើត ១៦ ឧសភា ១៩៦១ បច្ចុប្បន្ន ជានាយសង្កាត់រដ្ឋបាលជលបាកាន ។ មន្ត្រីទាំង៣នាក់ខាងលើ ការពិតមិនមានឈ្មោះក្នុងក្របខ័ណ្ឌ(ខ) ដូចក្នុងតារាងទី២ ដែលចុះហត្ថលេខាទទួលស្គាល់ដោយលោក ភុំ វិមល នោះទេ មិនតែប៉ុណ្ណោះ ពួកគេបានចូលនិវត្តន៍តាំងពីឆ្នាំ២០១៥ ។ ប៉ុន្តែដោយមន្ត្រីទាំង៣នាក់មានតួនាទីសំខាន់ក្នុងការប្រមូលប្រាក់ និងមានការឃុបឃិតជាមួយលោកភុំ វិមល ទើបពួកគេអាចនៅបម្រើការមន្ត្រីរាជការដដែលបាន ។
ទោះបីដឹងថា ទង្វើរបស់ខ្លួនបំពានច្បាប់ មន្ត្រីរាជការខ្យល់ទាំង៣នាក់ និងលោកភុំ វិមល បន្តលាក់បាំងដើម្បីទទួលបានផលប្រយោជន៍ និងលាភសក្ការដោយមិនខ្លាច់ច្បាប់នោះឡើយ ។
បើតាមពាក្យបណ្តឹងបានឲ្យដឹងទៀតថា មានអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ជាអ្នករត់ការឲ្យមន្ត្រីទាំង៣នាក់នោះ ព្រមទាំងមន្ត្រីមួយចំនួនទៀត ដែលបានរួមគំនិតភូតកុហក់ និងក្លែងបន្លំឯកសារជូនក្រសួងកសិកម្ម និងស្ថាប័នផ្សេងៗទៀត ។ សកម្មភាពទាំងអស់នេះត្រូវបានគេអះអាងថា មន្ត្រីខ្យល់ទាំង៣នាក់នោះចំណាយថវិកាយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាឲ្យពួកគេបន្តសកម្មភាព ពោលគឺនៅធ្វើការងារកន្លែងដដែល បើទោះបីពួកគេត្រូវចូលនិវត្តន៍តាំងពីឆ្នាំ២០១៥មកក៏ដោយ ។ ម្យ៉ាងទៀត លោកភុំ វិមល ជាអ្នកនៅពីក្រោយខ្នងពួកមន្ត្រីទាំង៣នាក់នេះ ។
អំពើទាំងអស់នេះបានធ្វើឲ្យជះឥទ្ធិពលយ៉ាងអាក្រក់ដល់មន្ត្រីផ្សេងៗទៀត ក្នុងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដែលពួកគេបានខិតខំរៀនសូត្រ និងបានខិតខំធ្វើការដើម្បីរួមចំណែកក្នុងការការពារធនធានធម្មជាតិ និងការដឹកនាំ ប៉ុន្តែពុំមានឱកាសបានធ្វើការនោះឡើយ ។ ទង្វើរបស់ពួកគេ បង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍មន្ត្រីរាជការ ស្ទើរទាំងអស់ក្នុងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ។
ករណីរបស់លោកភុំ វិមល និងមន្ត្រីទាំង៣នាក់នេះបានធ្វើឲ្យបាត់បង់នូវការខិតខំប្រឹងប្រែងរបស់ស្ថាប័នជលផល ជាពិសេស សកម្មភាពនៃការបង្ក្រាបបទល្មើស ពីព្រោះពួកមន្ត្រីទាំង៣នាក់នេះ ត្រូវគេមើលឃើញថា ជាអ្នកនៅពីក្រោយខ្នងនៃការកសាងបទល្មើសនេសាទក្នុងខេត្តពោធិ៍សាត់ ។
លោកភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មិនអាចសុំការបំភ្លឺបានទេ ៕ ហេង សូរិយា