ប៉ោយប៉ែតៈ មនុស្សប្រុស៤នាក ម៉ូតូពីរគ្រឿង និងរថយន្តឡិចស៊ីសមួយគ្រឿង ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ដែលកំពុងពួនសម្ងំក្នុងព្រៃលួចលេងល្បែងស៊ីសង កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា ក្រុមអ្នកលេងអាប៉ោងទាំង៤នាក់នោះ មានឈ្មោះទី១ឈៀង រ៉េត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ទី២ នេត្រ ខន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបធ្វើស្រែ រស់នៅក្នុងភូមិកើតហេតុ ទី៣ ទិត បូរី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូររស់នៅក្នុងភូមិកើតហេតុ ទី៤ឈ្មោះ អិ ភេទប្រុស អ្នកទាំង៤នាក់រស់នៅក្នុងក្រុងប៉ោយប៉ែត ។
ចំណែកម៉ូតូចំនួនពីរគ្រឿង មួយគ្រឿង ម៉ាកសង់ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K.1884 ជារបស់ឈ្មោះ ទិត បូរី និងមួយគ្រឿងទៀត ម៉ាកធូដេរ អត់ស្លាកលេខ ពណ៌ក្រហមលាយស ជារបស់ឈ្មោះ អិ រីឯរថយន្តឡិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.5471ជារបស់ឈ្មោះ ឈៀង រ៉េត ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ដែលដឹកនាំកម្លាំងអុនវត្តផ្ទាល់បានប្រាប់កាលពីរសៀលថ្ងៃកើតហេតុថា ល្បែង១វង់នេះ លួចលេងក្នុងផ្ទះថ្មមួយកន្លែង ហើយការបង្ក្រាបនេះ បានរឹបអូសវត្ថុតាងដែលបម្រើឲ្យក្នុងការលេងមួយចំនួននេះ ក្រោមការអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ។
លោកថា ជនសង្ស័យ និងវត្ថុតាង ទាំងអស់ក្រោយធ្វើកំណត់ហេតុរួចរាល់ នឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ វណ្ណា