ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX450 ក្នុងល្បឿនលឿន ធ្វើឲ្យរថយន្តខាងលើរេចង្កូតជ្រុលទៅផ្នូរវីរជននៃវិមានឯករាជ្យបណ្តាលឲ្យរងការខូចខាតបាក់អស់៤កង់ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេច រហូតដល់ដាច់កាឡេ បើកទៅមុខលែងរួច ហើយម្ចាស់រថយន្តបង្កបើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX450 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-0123 នឹងរួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្ក បានរេចង្កូតជ្រុលទៅបុករះផ្នូរវីរជននៃវិមានឯករាជ្យពេញទំហឹង បណ្តាលឲ្យបាក់៤កង់ ហួសទៅបុកអាងទឹកវិមានឯករាជ្យបន្ថែមទៀត ពេលនោះម្ចាស់រថយន្តខាងលើមិនបង្អង់ល្បឿនឈប់ទេ គឺបានថយក្រោយរួច បន្ថែមល្បឿនព្យាយាមបើករត់គេច ប៉ុន្តែរថយន្តបង្ករងការខូចខាតផ្នែកខាងមុខបណ្តាលឲ្យដាច់កាឡេកង់ បើកទៅមុខលែងរួច ទើបម្ចាស់រថយន្តបង្កបានបើកទ្វាររត់គេចខ្លួនទៅបាត់សម្រោលតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែង នឹងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ស រស្មី