ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដោយសារបុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត Lexus RX350 លឿនដូចព្យុះរួចបានជ្រុលចង្កូតទៅបុកបង្គោលថ្មពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើ និងធ្វើឲ្យម្ចាស់រថយន្តរងរបួសស្រាល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់មានអាយុជាង ៣០ឆ្នាំ បើករថយន្ត Lexus RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1588 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដោយមានស្ថានភាពស្រវឹងស្រាជោកជាំទៀត។ ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ទំនងបុរសនេះបានងោកមួយភាំងទើបបបណ្ដាលឲ្យជ្រុលចង្កូតទៅបុកបង្គោលថ្មពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើតែម្តង ។ ភ្លាមនោះគេឃើញម្ចាស់រថយន្តបានធាក់បំបែកកញ្ចក់រថយន្តខ្លួនឯងរួចលូនចេញមកក្រៅ ឃើញមានរងរបួសដៃម្ខាង ហើយគ្រវីក្បាលហួសចិត្តរួចទុករថយន្តចោលគេចខ្លួនបាត់ ។
បន្ទាប់មកគេឃ់ញសមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់ បានទូរស័ព្ទទំនាក់ទំនងទៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មកស្ទូចយករថយន្តនេះទៅរក្សាទុកនៅការិយាល័យរបស់ខ្លួនរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា