ភ្នំពេញ: បុរស២នាក់បន្ទាប់ចេញពីផឹកស៊ីជាមួយគ្នា បានជិះរថយន្ដត្រឡប់ទៅផ្ទះវិញម្នាក់មួយគ្រឿង ហើយ ខណ:នោះស្រាប់តែអ្នកបើករថយន្ដជាន់ហ្វ្រាំងគេចជង្ហុកទាំងបង្ខំ ធ្វើឲ្យអ្នកបើករថយន្តមួយគ្រឿងទៀតមកពីក្រោយគេចមិនទាន់ ក៏ជ្រុលបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ដទាំង២គ្រឿងខូចខាតទាំងសងខាង។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជិតខារ៉ាអូខេ ឌ្រីមវើលដ៍ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដហាយឡេនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-2266 និងរថយន្ដម៉ាក RANG ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5055 បើកបណ្ដើរគ្នាតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ដោយរថយន្ដម៉ាកRANG ROVER បើកខាងមុខ។ លុះបើកមកដល់ចំណុចកើតហេតុ ផ្លូវមានជង្ហុកនៅខាងមុខ ធ្វើឲ្យអ្នកបើកបររថយន្ដRANG ROVER ជាន់ហ្វ្រាំងបង្ខំ ដើម្បីគេចជង្ហុក ក៏ត្រូវរថយន្ដហាយឡេនឌ័រជាមិត្តភក្តិបើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយពេញទំហឹងតែម្ដងបណ្តាលឲ្យខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ។
ប្រភពព័ត៌មានពីម្ចាស់រថយន្ដហាយឡែនឌ័រ បានឲ្យដឹងថា រូបគាត់និងម្ចាស់រថយន្ដRANG ROVER ជាមិត្តភក្តិនឹងគ្នា ហើយពេលមុនកើតហេតុពួកគាត់ទើបតែចេញពីហូបអាហារជុំគ្នា ពេលហូបរួចក៏នាំគ្នាបើករថយន្ដចេញ ដើម្បីទៅផ្ទះរៀងខ្លួន តែពេលមកដល់ចំណុចកើហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដងទៅ។
ក្រោយពីកើតហេតុ ពុំមានសមត្ថកិច្ចជំនាញចេញទៅវាស់វែងរកខុសត្រូវនោះទេ ព្រោះម្ចាស់រថយន្តទាំងពីរគ្រឿងនេះជាមិត្តភក្តិគ្នា ហើយត្បិតតែពួកគាត់ជាមិត្តភក្តិគ្នាក៏ដោយ តែដោយសាររថយន្ដខូចខាត គឺភាគីខាងរថយន្ដRANG ROVER ឲ្យម្ចាស់រថយន្ដហាយឡេនឌ័រ សងសំណងចំនួន៥០០ដុល្លារ ដើម្បីជួសជុលរថយន្ដហើយក៏បញ្ចប់រឿងមិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ ៕ ប្រាថ្នា