ខេត្តបាត់ដំបង ៖ រយៈពេល១ខែកុម្ភៈ ដល់ដើមខែមីនាឆ្នាំ២០១៧នេះ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរដែលឆ្លងដែនគ្មាន ច្បាប់ មកស្រុកកំណើតវិញប្រមាណ៤០០០នាក់ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
នេះបើយោងតាមការបញ្ជាក់ពីលោកប្រធានច្រកអន្តរជាតិដូង នៃស្រុកកំរៀង កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ថា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី២ ខែមីនាឆ្នាំ២០១៧សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់មានចំនួន២០០០នាក់ ហើយបើគិតចាប់តាំងពីដើមខែចុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះមានពលករខ្មែរចំនួន៤០០០នាក់ហើយដែលអាជ្ញាធរនិងទាហានថៃបាន បញ្ជួនឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញដោយសារតែពលករខ្មែរទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយគ្មានច្បាប់ ។ ពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់នេះភាគច្រើនជាបុរសដែលពួកគេបានធ្វើ ដំណើរពីតាមបណ្តាខេត្តនានា ពិសេសប្រជា ពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ ។
លោកអ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងដែរថា នៅឆ្នាំ២០១៦កន្លងមកអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុក ខុសច្បាប់ចូលក្នុងទឹកដីថៃមានចំនួន១៦៣លើកសរុបពលករ៧៣២៨នាក់ ។ ក្នុងនោះមានស្ត្រី៣៦១២នាក់និងកុមារចំនួន៤៧៩នាក់ ។ ដោយឡែកពលករខ្មែរ ដែលចូលបំពេញបែបបទ ស្របច្បាប់ទៅធ្វើការងារនៅក្នុងប្រទេសថៃសរុបជាង ២លាននាក់ ៕ សហការី