ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០១៦កន្លងមក ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីបរទេសសរុបមានចំនួន៨១៥នាក់ ក្នុងនោះមានជនរងគ្រោះដោយ អំពើជួញដូរមនុស្សចំនួន៣៦៦នាក់ ។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹងនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់ក្រសួង កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ ។
របាយការណ៍ បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៦កន្លងទៅ កម្ពុជាបានបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសចំនួន៨៥.៥៧៦នាក់ ខណៈរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ នេះក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនបរទេសដែលឆ្លងដែនខុសច្បាប់មានការស្នាក់នៅផុតកំណត់ទិដ្ឋាការ និងស្នាក់នៅបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបានបញ្ជូនទៅប្រទេសរបស់គេវិញមានចំនួន១២.០៨៨ នាក់ មាន៧៧សញ្ជាតិ ។ ដោយឡែក សម្រាប់រយៈពេល២ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរកម្ពុជា បានបណ្តេញជនបរទេសឲ្យចេញពីប្រទេសជាង៤០០នាក់និងមាន២៤សញ្ជាតិ ៕ ប្រាថ្នា