ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ រាជធានីភ្នំពេញ ណែនាំឲ្យគ្រូពេទ្យត្រូវ ពង្រឹងសមត្ថភាព ស្របតាមការរីកចម្រើន នៃប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោង នឹងពង្រីកមន្ទីរពេទ្យបង្អែកនៅរាជធានីទាំងអស់ ឲ្យទៅជាលក្ខណៈស្តង់ដារ មានរថយន្តសង្គ្រោះ មានគ្រូពេទ្យប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបម្រើ វាសុខាភិបាល ផ្នែករដ្ឋជូនប្រជាពលរដ្ឋឲ្យបានល្អនិង សង្គ្រោះបានទាន់ពេលវេលា។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍លើកឡើង នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពេទ្យ នៃមណ្ឌលសុខភាពដូនពេញ កាលពីព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០១៧នេះថា ៖ ដោយពិនិត្យឃើញមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញមិនទាន់ឆ្លើយតបតាមតម្រូវការបម្រើ សេវាសុខាភិបាល ជូនប្រជាពលរដ្ឋបានទាន់ពេល នៅចំពោះមុខនេះ សាលា រាជធានី និងមន្ទីរសុខាភិបាល និងពង្រីកសេវាសុខាភិបាល ឲ្យមាននៅតាមខណ្ឌមួយចំនួន។

លោកបន្តថា ៖ ការបង្រីកមន្ទីរពេទ្យបង្អែក ឬ មណ្ឌលសេវាសុខាភិបាលបន្ថែម នៅតាមខណ្ឌលើកក្រោយនេះ គឺតម្រូវឲ្យមានធនធានមនុស្សពិតប្រាកដ មានគ្រូពេទ្យប្រកបដោយសីលធម៌ វិជ្ជាជីវៈស្របទៅនិងអគារមានលក្ខណៈស្តង់ដារ

ដើម្បីពង្រីកសេវាសុខាភិបាលបំរើផ្នែករដ្ឋជូនដល់បងប្អូនប្រជាពលរដ្ឋល្អ បន្ថែមលើសព្វថ្ងៃ។

លោកបញ្ជាក់ថា ៖ ក្រៅពីសេវាសុខាភិបាលបំរើឲ្យរដ្ឋនៅមានផ្នែកឯកជនបន្ថែមទៀត ដែលជាផ្នែកមួយមិនអាចខ្វះបាន

ជាមួយការងាររដ្ឋបាច្រើន ដែលបញ្ហានេះយើងត្រូវមានការលើកទឹកចិត្ត ដើម្បីឲ្យវិស័យ ឯកជនវិនិយោគលើសេវាសុខាភិបាលនេះដោយមិនមានការរើសអើង។លោក អភិ បាលបញ្ជាក់ថា ចាប់ពីពេលនេះទៅយើងត្រូវរួមចំណែក នាំគ្នាពង្រឹងប្រព័ន្ធផ្តល់សេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើង ថ្វីត្បិតតែសព្វថ្ងៃវាបានប្រសើរហើយក៏ដោយ ប៉ុន្តែឲ្យឆ្លើយតបទៅនឹងសំណូមពរ នៃតម្រូវការរបស់ប្រជាជននោះវមិនទាន់ទេ ហើយយើងក៏ទទួលស្គាល់ផងដែរថា សេវាសុខាភិបាលក៏នូវមិនទាន់ឆ្លើយតបទាំងស្រុងនៅឡើយដែរ ដោយសារនៅខ្វះមធ្យោបាយ នៅខ្វះធនធាន។

លោកបានបញ្ជាក់ទៀតថា ៖ គម្រោងពង្រីកមន្ទីរពេទ្យបង្អែកនៅខណ្ឌថ្មីនេះ ជំហានដំបូងមាននៅខណ្ឌដូនពេញ និងខណ្ឌមានជ័យ ដែលមានអគារជាលក្ខណៈស្តង់ដារធនធានមនុស្ស ដើម្បី បម្រើ សេវាសុខាភិបាលផ្នែករដ្ឋជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ វិជ្ជាជីវៈ សាកសមជាគ្រូពេទ្យល្អប្រកបដោយគុណភាព។

លោក ប៉ា សុជាតិវង្ស បានបន្ដថា ៖ វិស័យសុខាភិបាល ជាវិស័យអាទិភាពដែលទាក់ទងទៅនឹងសុខុមាលភាពរបស់ជីវភាពប្រជាពលរដ្ឋផ្ទាល់ ។ តួនាទីរបស់មន្ទីរសុខាភិបាលរាជធានី បានខិតខំកសាងធនធានមនុស្សពេទ្យ វិស័យពេទ្យ ដើម្បីឲ្យចេះព្យាបាល ចេះវះកាត់ និងចេះការពារបន្ថែមទៀត ដែលគេហៅថា ការពារប្រសើរជាងព្យាបាល ។ គ្រូពេទ្យបានចេញការអប់រំទៅដល់ប្រជាពលរដ្ឋ ចេះថែទាំសុខភាព ការពារកុំជំងឺរោគឆ្លងផ្សេងៗ ដូចជាជំងឺអេដស៍ ជំងឺរបេង ជាពិសេសការពារកុមារកុំកើតមានជំងឺឆ្លងផ្សេងៗជាមុខ ដូចជា កញ្ជ្រិល អុតស្វាយ ដូច្នេះត្រូវតែចាក់ថ្នាំការពារដែលក្រសួងសុខាភិបាលមាន ព្រោះ សេវាចាក់ថ្នាំបង្ការនិងការពារដល់កុមារនេះ ពិតជាមានសារសំខាន់ណាស់ដល់ប្រជាពលរដ្ឋគ្រប់រូប។

លោកបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាព ហើយបានវិភាជថវិកាពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើងរហូត ទន្ទឹមទៅនឹងការកាត់បន្ថយថវិកានៃវិស័យការពារប្រទេសនិងវិស័យផ្សេងទៀត ឲ្យរួមតូចដើម្បីរំលែកថវិកានេះបុកចូលមកវិស័យសុខាភិបាល ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានខិតខំ ដែលជាគោលនយោបាយ ជាកម្មវិធីនយោបាយ ជាកំណែទម្រង់ដែលមានការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចតេជោហ៊ុនសែន។ លោកបានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានវិភាជថវិកាសម្រាប់សាងសង់អគារសិក្សាក្នុងរាជធានីភ្នំពេញ ចុះហេតុអ្វីបានជាអាជ្ញាធរមិនទម្លាក់ថវិកាមកពង្រឹងវិស័យសុខាភិបាល ទើបហេតុនេះហើយបានជាអាជ្ញាធររាជធានីភ្នំពេញ បានពិនិត្យតាមសេចក្តីត្រូវការជាក់ស្តែងរបស់រាជធានីភ្នំពេញនោះ ត្រូវតែចែករំលែកថវិការបស់សាលារាជធានីភ្នំពេញ មកធ្វើការសាងសង់អគារមណ្ឌលសុខភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបំពាក់ឧបករណ៍ទំនើបទាន់សម័យ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕ សំរិត

image7 image6 image5 image4 image3 image2 image1


ចែករំលែក៖