ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង តំណងឲ្យលោកហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិត្រពាំមងក្រឡាញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកទូច គង្គា តំណាងឲ្យប្រធានគណៈពង្រឹងឃុំដូង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីក្រុមការងារថ្នាក់ដឹកនាំ ចុះជួយស្រុករមាសហែក និងចុះជួយមូលដ្ឋានឃុំដូង ក្នុងនោះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំ បង្កបង្កើនផលស្រូវដំណាំ ក៏ដូចជាការប្រកបមុខរបរ ដើម្បីដោះស្រាយជីវភាព ការរស់នៅប្រចាំថ្ងៃ ។
លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង តំណាងឲ្យប្រធានគណៈពង្រឹងឃុំដូង ក៏បានយកចិត្តទុកដាក់ ឲ្យប្រជាពលរដ្ឋ គិតគូរអំពីបញ្ហាសុខភាព និងជម្រុញឲ្យក្រុមការងារថ្នាក់ក្រុម ថ្នាក់ភូមិ ធ្វើយ៉ាងណា ចុះជាប់ជាមួយប្រជាពលរដ្ឋទាំងការរស់នៅប្រចាំថ្ងៃ និងការបង្កបង្កើនផលស្រូវដំណាំ ពិសេសត្រូវ ដាក់ចិត្ត ដាក់កាយ បម្រើប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ពេលវេលានូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របស់ពួកគាត់ ឲ្យស្របទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។
លោកបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារបស់យើងគ្រប់ជាន់ថ្នាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ លោកថែមទាំងបានមមាញឹក គិតគូរជាប្រចាំនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនានាជូនប្រជាពលរដ្ឋ ទាំងផ្លូវគមនាគមន៍ សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ ក៏ដូចជាប្រព័ន្ធធារាសាស្ត្រ សម្រាប់ការរក្សាទុកនូវប្រភពទឹក និងនាំប្រភពទឹកទៅកាន់ដីស្រែចម្ការផលដំណាំរបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សរបស់យើង ឃើញថា ប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ ៕ សុខ ខេមរា