ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបងធំមានគ្នាជាង១០នាក់វាយប្រហារមន្ត្រីយោធាបណ្តាលឲ្យរងរបួស៣នាក់ និងឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សាព្រួតវាយទៅលើក្រុមមន្ត្រីយោធានៅ «អង្គភាពឆត្រយោង លេខ៩១១» មានគ្នាជា១០នាក់ដូចគ្នា កំពុងធ្វើដំណើរតាមដងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ។ ភ្លាមនោះត្រូវបានសមត្ថកិច្ចឃាត់បានម្នាក់ ចំណែកបក្ខពួកគេចខ្លួនបាត់ ។

ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវវេងស្រេង នៅមុខក្លឹប “ហ្វាន់ក្លឹប” ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កដៃដល់ដែលចាប់នោះ ឈ្មោះ វ៉ែន វិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះទី១, ឈ្មោះ ផូ សុភា ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិអណ្តូងឫស្សី ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទី២.ឈ្មោះ ឆិល ណាត់ ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ ។ ទី៣.ឈ្មោះ ឡឹក ចាន់ថុល ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ ។

មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមកូនទាហាននៃអង្គភាពឆត្រយោងលេខ”៩១១” មានគ្នាចំនួន១៧នាក់ បាននាំគ្នាមកដើរលេងដោយធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង គោលបំណងចង់ចូលទៅរាំលេងកំសាន្តនៅ

ក្លឹបកំសាន្ត “មីតណាយ” ខណៈដែលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមបងធំមានគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយដំបងឈើ ដំបងទីព ដុំឥដ្ឋ ដុំថ្ម មកវាយទៅលើក្រុមកូនទាហាន ដែលជាមន្ត្រីយោធាខាងលើ ទើបធ្វើឱ្យកូនទាហានទាំងនោះវាយតប់តទៅវិញ បង្កការភ្ញាក់ផ្អើលពេញផ្លូវ ដូចរឿងក្នុងកុនហុងកុង បណ្តាលឱ្យកូនទានហាន៣នាក់ បានរងរបួសធ្ងន់ ភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនក្រុមជនបង្កហេតុបានម្នាក់ និងបក្ខពួកជាង១០នាក់ទៀតបានគេចខ្លួនបាត់ស្រមោល ៕ សុខាសែនជ័យ

sokha (1) sokha (2)


ចែករំលែក៖