ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈបើកម៉ូតូមួយគ្រឿងមា៉កហុងដា c125 ក៏ត្រូវរថយន្ត ហាយឡែនឌ័រ មកបុកពីក្រោយពេញទំហឹង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពាក់ស្លាកលេខ រតនគីរី 1A.1221 ជិះក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AB.3706 ជិះក្នុងទិសដៅស្របគ្នាមកពីក្រោយ ពេលមកដល់ចំណុចកើតហេតុ រថយន្តខាងលើបើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏បុកមូ៉តូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះ បន្ទាន់បញ្ជូនទៅមន្ទីរពេទ្យតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកម្ចាស់រថយន្តបង្កបើកទ្វារត់គេចខ្លួនបាត់សម្រោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងនឹងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកយកទៅធ្វើបុណ្យផងដែរ៕ ស រស្មី