ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងពន្លះម៉ូតូហុងដាឌ្រីមសង់បណ្តាលស្លាប់ និងរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និង២នាក់ទៀត រងរបួសធ្ងន់ ដោយសារ រថយន្តសាំយ៉ុងមួយគ្រឿង បើកលឿនជែងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះឌុបគ្នា៣នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខបុរីញ៉ូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ រឿន ផានិត អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃពពែល ឃុំក្រាំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2342 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកសាំុំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-2720 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានបន្ថែមល្បឿនជែងរថយន្តមួយគ្រឿងទៀតខាងមុខ លុះជែងបានបន្តិច ក៏ជ្រុលទៅបុកម៉ូតូដែលជិះមកចំពីមុខបុកពេញទំហឹងបណ្តាលឲ្យបុរសជាអ្នកឌុបស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរ២នាក់ទៀតរងបួសធ្ងន់ ។ រីរថយន្ត និងម៉ូតូខូតខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវរថយន្តគ្លីនិកឯកជនដឹកទៅសង្គ្រោះ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕ សុខាសែនជ័យ

sk1 (1) sk1 (2) sk1 (3)


ចែករំលែក៖