ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជីប្រកាសបន្តគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ឡេអូណាដូល្វីស ដែលជាជនជាតិប្រេស៊ីល នឹងកាន់តំណែងជាគ្រូបង្វឹកថ្មី បន្តពីលោក លី តេហ៊ូន ដែលបានធ្វើការងារយ៉ាងល្អ ក្នុងការបង្វឹកក្រុមជម្រើសជាតិកម្ពុជា អោយសម្រេចបានសមិទ្ធផលគួរកត់សម្គាល់និងជាប់ចំណាត់ថ្នាក់FIFA ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តកាលពីឆ្នាំ២០១៦ ។ វាគឺជាផ្នែកនៃការបន្តប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅប្រទេសកម្ពុជា ក្រុមហ៊ុនអេសស៊ីជី មានមោទនភាពដោយបានឧបត្ថម្ភពិធីតែងតាំងគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។

កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុនអេសស៊ីជី និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌រវាងក្រុមK-Cement Cambodian All Stars និងក្រុមអាជីពកំពូលមួយរបស់ថៃគឺ SCG Muangthong United ។ព្រឹត្តិការណ៍ដ៏ធំសំបើមនោះទទួលបានជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងក្លាក៏ដូចជាបានត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការប្រកួតមិត្តភាពលំដាប់អន្ដរជាតិផ្សេងៗពេញមួយឆ្នាំ។ក្រុមហ៊ុនអេសស៊ីជីដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាននិងមានប្រវត្តិលើកស្ទួយកីឡាក្នុងប្រទេសកម្ពុជាផងដែរនោះសម្តែងក្តីរីករាយក្នុងការបន្តកិច្ចសហការរបស់ខ្លួនជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។

លោកSomwang Manpimonchai នាយកប្រចាំប្រទេសកម្ពុជាក្រុមហ៊ុនអេសស៊ីជីស៊ីម៉ង់ត៍-សម្ភារៈសំណង់បានមានប្រសាសន៍ថា“ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង២០០និងបុគ្គលិកប្រមាណ៥ម៉ឺននាក់ដែលនៅក្នុងគ្រួសារអេសស៊ីជីយើងជឿជាក់ថាយើងអាចលើកកម្ពស់គុណភាពជីវិតរបស់មនុស្សដែលរស់នៅក្នុងសហគមន៍ទាំងឡាយដែលយើងធ្វើប្រតិបត្តិការ។ទស្សនវិជ្ជាស្នូលមួយរបស់ក្រុមហ៊ុនអេសស៊ីជីគឺការយកចិត្តទុកដាក់ចំពោះទទួលខុសត្រូវសង្គម។”លោកបានបន្ថែមទៀតថា“កាលពីឆ្នាំមុនក្រុមហ៊ុនអេសស៊ីជីបានរៀបចំព្រឹត្តិការណ៍SCG Muangthong United ASEAN Tour ឆ្នាំ២០១៦និងបាននាំក្រុមបាល់ទាត់SCG Muangthong United ពីប្រទេសថៃមកប្រកួតជាមួយក្រុមកម្ពុជាដើម្បីសកម្មភាពមនុស្សធម៌និងការរឹតបន្តឹងចំណងមិត្តភាព។នៅឆ្នាំនេះយើងមានគ្រោងការរៀបចំការប្រកួតដែលកាន់តែកក្រើកជាងមុនទៀតរវាងក្រុមSCG Muangthong United និងក្រុមK-Cement Cambodian All Stars ក្នុងអំឡុងខែកក្កដាឆ្នាំនេះហើយយើងក៏បានពង្រីកវិសាលភាពក្នុងការឧបត្ថម្ភបន្ថែមដល់ក្រុមកម្ពុជាផងដែរ។”

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រូបង្វឹកថ្មីលោកឡេអូណាដូល្វីសនឹងពង្រឹងសមត្ថភាព និងគុណភាពរបស់ក្រុមជម្រើសជាតិកម្ពុជាបន្ថែមមួយកម្រិតទៀត។គាត់នឹងចាប់ផ្តើមការងារចាប់ពីខែនេះទៅខណៈក្រុមជម្រើសជាតិកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ប្រកួតទីមួយក្នុងដំណាក់កាលជម្រុះជុំទីបីសម្រាប់ពានរង្វាន់AFC Asian Cup ឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសហ្ស៉ដង់នាថ្ងៃទី២៨មិនានេះ។ក្នុងជុំទីបីនេះផងដែរក្រុមជម្រើសជាតិកម្ពុជានឹងប៉ះជាមួយក្រុមកីឡាករមកពីអាហ្វហ្គានីស្ថាននិងវៀតណាម។

លោក លីតេហ៊ូន ដែលជាគ្រូបង្វឹកចាស់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹង និងអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជាតាំងពីគាត់ចាប់ផ្តើមការងារនេះជាលើកដំបូងកាលពីឆ្នាំ២០១០។លោកបានលើកកម្ពស់ស្តង់ដារនៃការហ្វឹកហាត់និងបានបណ្តុះស្មារតីខិតខំព្យាយាមក្នុងចំណោមកីឡាករជម្រើសជាតិកម្ពុជា។លោកឡេអូណាដូល្វីសដែលបន្តតំណែងថ្មីនេះមានការងារច្រើនដែលត្រូវធ្វើប៉ុន្តែយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកឡេអូណាដូល្វីសបានត្រៀមខ្លួនជាស្រេចចំពោះការងារនេះនិងមានបទពិសោធន៍និងសមត្ថភាពខ្ពស់ដែលអាចអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជាថែមមួយកម្រិតទៀត៕ វឌ្ឍនា

ថ្នាក់ដឹកនាំក្រុមហ៊ុន អេស ស៊ី ជី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹកថ្មី និងភ្ញៀវកិត្តយសផ្សេងទៀត ថតរូបជុំគ្នាក្រោយសន្និសីទសារព័ត៌មាន

ថ្នាក់ដឹកនាំក្រុមហ៊ុន អេស ស៊ី ជី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹកថ្មី និងភ្ញៀវកិត្តយសផ្សេងទៀត ថតរូបជុំគ្នាក្រោយសន្និសីទសារព័ត៌មាន

លោកSomwangManpimonchaiនាយកប្រចាំប្រទេសក្រុមហ៊ុនអេសស៊ីជីស៊ីម៉ង់ត៍-សម្ភារៈសំណង់ផ្តល់បទសម្ភាសក្នុងព្រឹត្តិការណ៍

លោកSomwangManpimonchaiនាយកប្រចាំប្រទេសក្រុមហ៊ុនអេសស៊ីជីស៊ីម៉ង់ត៍-សម្ភារៈសំណង់ផ្តល់បទសម្ភាសក្នុងព្រឹត្តិការណ៍


ចែករំលែក៖