ភ្នំពេញ៖ ផលិតកម្មមហាហង្សបានបន្តប្រកាសចេញថតភាពយន្តថ្មីមួយទៀត គឺរឿង កញ្ចក់ ដែលប្រមូលផ្តុំដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប ។ ផលិតករលើកឡើងដែរថា ភាពយន្តនេះ នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីបែប3D ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ក្នុងពិធីក្រុងពាលីចេញថតភាពយន្តថ្មីខាងលើ ក្រោមវត្តមានផលិករ សិល្បករ ជាច្រើនរូបចូលរួម ។
លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់ថា រឿង កញ្ចក់ គឺជារឿងទី៣របស់ផលិតកម្មសម្រាប់ឆ្នាំ២០១៧នេះ ។ លោកថា រឿងថ្មីនេះ គឺជារឿងបែបភ័យរន្ធត់ លាយឡំកំប្លែង ប្លែកពីរឿងមុនៗ ហើយក៏ជារឿងដែលប្រើប្រាស់បច្ចេកវិទ្យា3D ដែលអាចជួយបង្កើតឈុតឆាកជាច្រើនដែលទាក់អារម្មណ៍អ្នកទស្សនា ។
លោកថា កញ្ចក់ ក៏ជារឿងដែលមានលាយឡំឈុតឆាកមួយចំនួនពីបុរាណផងដែរ ព្រោះតែទាក់ទងនឹងប្រវត្តិកញ្ចក់ ។ លោកថា ភាពយន្តនេះអាចនឹងត្រូវចំណាយការថតប្រមាណជាងមួយខែ និងបន្តរៀបចំប្លង់ និងរចនារូបភាព3Dជាច្រើនទៀត ដើម្បីប្រាកដថា ជារឿងដែលប្លែកទាក់ទាញ និងមានគុណភាពសម្រាប់ប្រកួបប្រជែងទាំងភាពយន្តក្នុងស្រុក និងប្រទេសជិតខាង ។ ក្រោយការផលិត និងដាក់បញ្ចាំងនៅលើរោងភាពយន្តនៅក្នុងស្រុកផលិតកម្ម ក៏មានបំណងបញ្ចេញភាពយន្តនេះ ទៅលើទីផ្សារភាពយន្តនៃប្រទេសជិតខាងផងដែរ ។ លោកថា រឿងនេះក៏នឹងត្រូវចំណាយថវិកាប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក ដែលផលិតកររំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនពេលចាក់បញ្ចាំងនៅពេលខាងមុខ ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង កញ្ចក់ និពន្ធដោយលោក អ៊ិន សុភិន ដឹកនាំរឿងដោយលោក លាង ខេងហេង ត្រូវបានចូលរួមសម្តែងដោយតារាសម្តែងប្រុស ស្រីល្បីឈ្មោះជាច្រើនដូចជា កញ្ញា ភិន សុដាលីស កញ្ញា ណាតាហ្សា លោក ខេ(K) លោក ម៉ុង លោក យន់ រិទ្ធីយ៉ាន លោក ថមមី លោក មុនី ឌីយ៉ាមប៉ង់ កញ្ញា សឿន ផានផាភួង អ្នកនាង និន សុធារ៉ានិងតារាសម្តែងជាច្រើនរូបទៀត ៕ វឌ្ឍនា