ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរគ្រឿងញៀនឃាត់ខ្លួន៥នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបានបង្ក្រាប ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ៥នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ពាក់ពន្ធ័និងករណីខាងលើនេះ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាត់ឲ្យរូបលោកមេបញ្ជាការង ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រត្តិបត្តិការរបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀន និង ឃាត់ខ្លួនជនសង្ស័យជាបុរស៥នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួនផងដែរ ។

ប្រភពបញ្ជាក់ថា ជនសង្ស័យឈ្មោះទី១ រត្ន ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត, ២ ឈ្មោះ ថៃ ប៊ុនយុង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅប្រទេសវៀតណាម, ៣ឈ្មោះ មាឃ សំអាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត, ៤ ឈ្មោះឃឹម ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត និង៥ ឈ្មោះ ហ្វ័ មិនវី ភេទប្រុស អាយុ២៧ឆ្នាំ កម្មករសំណង់ មានទីលំនៅប្រទេសវៀតណាម។

ជាមួយគ្នានេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០៧គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន០៣សន្លឹក, កាំភ្លើងកែឆ្នៃចំនួន០១ដើម និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងត្រូវបានកសាងឯកសារចាត់ការបន្ត តាមនីតិវិធី ៕ យឹម សុថាន

ae


ចែករំលែក៖