ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ បន្ទាប់ពីបុរសរូបនេះនិងបក្ខពួកធ្វើសកម្មភាពចាប់ស្ត្រីវិកចរិកនៅក្នុងភូមិរំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០០៦មកម្លេះ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ញ៉ុញ ម៉េង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា ជនត្រូវចោទឈ្មោះ ញ៉ុញ ម៉េង មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០៧ ចុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ចុះហត្ថលេខាដោយលោក តេង រតនា ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ ។
ប្រភពដដែលបានបន្តទៀតថា ជនត្រូវចោទខាងលើនេះបន្ទាប់ពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសរួចបានគេចខ្លួនចេញពីមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំមិនដឹងថា ទៅសំងំលាក់ខ្លួននៅឯខេត្តណានោះទេ ។ លុះមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស៊ើបអង្កេតដឹងថាជនត្រូវចោទត្រឡប់មករស់នៅក្នុងលំនៅឋានវិញ ទើបសមត្ថកិច្ចឆ្មក់ធ្វើការបង្រ្កាបចាប់ខ្លួនតែម្តង ។
មន្ត្រីនគរបាលស្រុកកោះធំបានបរំឮកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ ជនត្រូវចោទខាងលើនេះ និងបក្ខពួក២នាក់ទៀតបាននាំគ្នាធ្វើសកម្មភាពចាប់ស្ត្រីវិកចរិកនៅក្នុងភូមិរំលោភសេពសន្ថវៈរហូតបានសម្រេចជាបន្តបន្ទាប់ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាគេចខ្លួនចេញពីលំនៅឋាន រីឯស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលនគរបាលស្រុកកោះធំ ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល រហូតមានដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទទាំង៣នាក់ ដែលពាក់ព័ន្ធក្នុងករណីប្រព្រឹត្តបទល្មើសឧក្រិដ្ឋមួយនេះ ៕ ស្អាងជ័យ