ខេត្តកំពង់ធំ៖ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២១០៧ វេលាម៉ោង១១និង១៥នាទី នៅលើកំណាត់ផ្លូវ ជាតិលេខ៦ត្រង់ចំណុច ស្ពានបន្ទាយយោមរាជ ភូមិបន្ទាយយោរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់ជាព្រូឡានធ្លាក់ពីលើរថយន្ដ ត្រូវរថយន្ដកិនស្លាប់នៅនឹងកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដឹកស្រូវវ៉ាក់អឺនឹងបារ៉ាស ដែលកម្មករចិនបានដាក់កៀកនឹងស្ពាន ក្នុងការដ្ឋានធ្វើថ្នល់បណ្ដាលឲ្យរថយន្ដកិចពីបារ៉ាស ហើយរេចង្កូតឡើងបង្កាន់ដៃស្ពាន ក្រឡាប់ផ្ងារកង់បណ្ដាលឲ្យព្រូឡានម្នាក់ធ្លាក់ចេញពីរថយន្ដ ក៏ត្រូវរថយន្ដសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម។
ប្រភពបន្តថា អ្នកបើកបររថយន្ត ឈ្មោះ លឿង ចាន់ថន ភេទប្រុស អាយុ 36ឆ្នាំ នៅភូមិបី ឃុំពី ក្រុងព្រះស៊ីហនុ បានបើកបររថយន្តម៉ាកនីសាន់ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3A0845 អ្នករួមដំណើរឈ្មោះ អាន មេសា ភេទប្រុស អាយុ22 ឆ្នាំ រស់នៅភូមិអណ្តូងប្រាំ ឃុំស្រម៉ស្រុកជើងព្រៃ ខេត្តកំពង់ចាម់ ធ្លាក់ពីលើរថយន្ត បណ្តាលឱ្យ(ស្លាប់)នៅនឹងកន្លែងកើតហេតុ ។
ក្រោយពីពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែកអ្នកបើកបរពុំមានរបួសទេ ប៉ុន្ដែររថយន្ដខូចខាតយ៉ាងដំណំ ។ ក្នុងករណីនេះ កម្លាំងនគបាលបានប្រមូលវត្ថុតាងយកមករក្សាទុកនៅ អធិការដ្ឋានគបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
សមត្ថកិច្ចបញ្ជាក់ថា ករណីកើតឡើងដោយសារមូលហេតុរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុន រិទ្ធី