ព័ត៌មានទាន់ហេតុការណ៍៖

កោះហៅម្ចាស់អាជីកម្មទូកដរមកព្រមាន និងធ្វេីកិច្ចសន្យាក្រោយពេលឈ្លោះគ្នាបែកផ្សែងជាមួយអ្នកកាសែត និងម្ចាស់រថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ កោះហៅម្ចាស់អាជីកម្មទូកដរមកព្រមាន និងធ្វេីកិច្ចសន្យា ក្រោយពេលឈ្លោះគ្នាបែកផ្សែងជាមួយអ្នកកាសែត និងម្ចាស់រថយន្តកាលពីម៉ោង៨យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ទើបនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅសាលាខណ្ឌជ្រោយចង្វា លោកឃ្លាំង ហួត អភិបាលនៃគណៈខណ្ឌជ្រោយចង្វា បានបញ្ជាឱ្យលោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌ និងលោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌកោះហៅម្ចាស់អាជីវកម្មទូកដរឆាយហុង មកព្រមានជាលើកចុងក្រោយ និងធ្វេីកិច្ចសន្យាបញ្ឈប់មិនឱ្យទារយកលុយពីអ្នកធ្វេីដំណេីរលេីសពីសៀវភៅបន្ទុក ឬកាប់ឆៅតាមចិត្ត ។

ការកោះហៅម្ចាស់ទូកដរ ឆាយហុង មកព្រមាន និងធ្វើកិច្ចសន្យានេះ ត្រូវគេដឹងថា ធ្វេីឡេីងបន្ទាប់ពីមានរឿងឈ្លោះប្រកែកគ្នាបែកផ្សែងរវាងអ្នកសារព័ត៌មាន ម្ចាស់រថយន្តដឹកដែក នឹងម្ចាស់ទូកដរ ដែលម្ចាស់ទូកដរមួយនេះល្បីល្បាញខាងកាប់ឆៅ ពោលគឺកោអត់ដាក់ទឹក ដោយទាមទារតម្លៃថ្លៃលេីសសៀវភៅបន្ទុក ដែលរដ្ឋបានកំណត់ និងទារប្រាក់ពីរថយន្តដែលគ្មានចែងនៅក្នុងសៀវភៅបន្ទុកតាមអំពើចិត្ត ។

តាមប្រភពព័ត៌មានឱ្យដឹងថា កាលពីម៉ោង៨យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានរថយន្តស្ទូចទំងន់៥តោន ដឹកដែកឆ្លងទូកដរឆាយហុងពីព្រែកលៀប ទៅត្រើយម្ខាង កោះឧកញ៉ាតី ត្រូវបានម្ចាស់ទូកដរ ឆាយហុង ទារតម្លៃរហូតដល់១៥០ដុល្លារ ដែលតំលៃនេះ ថ្លៃហួសហេតុ ដោយម្ចាស់ទូកដរសំអាងហេតុផលថា រថយន្តនេះមិនមានចែងនៅក្នុងសៀវភៅបន្ទុក ដូច្នេះស្រេចតែគេទារ បើទោះបីម្ចាស់ដែកទូរសព្ទ័សុំចរចាតំលៃក៏គេមិននិយាយចូលដែរ ដោយគេឆ្លើយថា ជាប់រវល់ក៏បិទទូរសព្ទ័តែម្តង ដោយប្រើសំដីមិនសមរម្យទៀតផង ។

ប្រភពបន្តថា បន្ទាប់ពីមានហេតុការណ៍បែបនេះ ម្ចាស់ដែក ក៏បានហៅអ្នកសារព័ត៌មាន៣នាក់ ក្នុងគោលបំណងសួរនាំសម្របសម្រួល និងចរចាតំលៃដើម្បីកុំឱ្យយកតំលៃហួសហេតុពេក រហូតដល់១៥០ដូល្លារ ។ ខណៈម្ចាស់ដែក និងអ្នកយកព័ត៌មានទៅដល់សួរនាំ និងថតស្លាកតារាងតំលៃដែលដាក់នៅក្បែរនោះ ស្រាប់តែម្ចាស់ទូកដរ ឆាយហុង ជាច្រើននាក់មានស្រីមានប្រុសចេញមកជេរប្រមាថ យ៉ាងចាស់ដៃ ប្រតាយប្រតប់ដណ្តើមកាមេរ៉ារបូតថ្មយកទៅបាត់ ហើយបានចោទអ្នកយកព័ត៌មានជាចោរប្លន់ទៀតផង ។

ប្រភពបន្ថែមថា ម្ចាស់អាជីវកម្មទូកដរមួយនេះ ល្បីល្បាញខាងកាប់ឆៅទារតំលៃយកលើលសៀវភៅបន្ទុកតាមអំពើចិត្ត កន្លងមកក៏ធ្លាប់មានរឿងឈ្លោះប្រកែកគ្នាជាមួយតារាសំដែង និងតារាចម្រៀងអ្នកនាង ខាត់ សុឃីម ដោយសារទារថ្លៃលើសហួសហេតុ ធ្លាប់មានរឿងឈ្លោះប្រកែកជាមួយម្ចាស់មាន់ ដែលគេផ្ញើហើយយកមាន់របស់គេសុីអស់ ធ្លាប់មានរឿងជាមួយម្ចាស់ឡានដឹកគ្រឿងសំណង់ ដោយសារទារតំលៃច្រើនហួសហេតុ ធ្លាប់មានរឿងជាមួយអ្នកដឹកសព ឆ្លងដែលមិនព្រមដឹកឆ្លង និងល្បីមានរឿងឈ្លោះប្រកែកជាមួយអ្នកធ្វើដំណើរឆ្លងកាត់ជាច្រើនទៀត ។ ចំណែកនៅលើទូកដរមិនមានពោងការពារសុវត្ថិភាពជូនអ្នកដំណើរគ្រប់គ្រាន់នោះទេ ដោយអ្នកជិះទូកដរទាំងអស់ប្រឈមនឹងគ្រោះគ្រប់ពេលវេលា ។

គួររំលឹកផងដែរថា កន្លងមក លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានហៅម្ចាស់អាជីវកម្មទូកដរ ដែលនៅខណ្ឌជ្រោយចង្វាទាំងអស់មកប្រជុំ និងធ្វើកិច្ចសន្យាបញ្ឈប់ការទារថ្លៃលើសសៀវភៅបន្ទុកតាមអំពើចិត្ត ។

នៅក្នុងកិច្ចប្រជុំ លោក ឃ្លាំង ហួត បានមានប្រសាសន៍ផ្តោតសំខាន់តម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ ធ្វេីកិច្ចសន្យាបញ្ឈប់ការទារលុយពីអ្នកធ្វេីដំណេីរឆ្លងទូកដរលេីសពីសៀវភៅបន្ទុកដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុងបានកំណត់តំលៃ និងតម្រូវឱ្យម្ចាស់ទូកដរនីមួយៗធ្វេីស្លាកបា៉ណូបិទតារាងតំលៃនៅកំពង់ចម្លង ។

លោកបន្ត ថាការចម្លងរាល់ថ្ងៃត្រូវអនុវត្តទៅតាមពេលវេលាកំណត់ដោយចាប់ពីមោ៉ង៤ព្រឹក ដល់មោ៉ង៨និង៣០នាទីយប់ បុ៉ន្តែបេីមានករណីបន្ទាន់ដូចជាស្ត្រីឈឺពោះឆ្លងទន្លេប្រជាពលរដ្ឋ ឈឺថ្កាត់យប់ព្រលប់ ដឹកសព ត្រូវជួយចម្លងគ្នាដោយមិនឱ្យឆ្លៀតឱកាសយកលេីសតម្លៃឡេីយ រួមទាំងកូនសិស្ស និងព្រះសង្ឈផងដែរ ។

លោក ឃ្លាំង ហួត បានសង្កត់ធ្ងន់ដោយព្រមានដល់ម្ចាស់អាជីវកម្មទាំងអស់ថា បេីមិនដូច្នេះទេ លោកនឹងប្រេីវិធានការរដ្ឋបាលចុះបិទទូកដរណាដែលល្មេីសមិនអនុវត្តតាមកិច្ចសន្យានេះ ហេីយឱ្យទៅសុំឡេីងវិញនៅសាលាក្រុង ។

លោក ឃ្លាំង ហួត បានរំលឹកលេីកឡេីងបន្តទៀតថា ករណីអ្នកនាង ខាត់ សុឃីម ឆ្លងដរហេីយចោទថា ម្ចាស់ទូកដរទារប្រាក់១០០ដូល្លារក្នុង១ជេីងនោះ គឺមានពិតមែន បុ៉ន្តែករណីនេះវាខុសទាំង២នាក់ ព្រោះឡានខាត់ សុឃីម ប្រភេទធំមិនមានចែងនៅក្នុងសៀវភៅបន្ទុកនោះទេ ហេីយ ម្ចាស់ទូកដរហា៊នចម្លង បេីមានគ្រោះថ្នាក់ជាយថហេតុ ក៏ខុសដែរ ហេីយមានទោសព្រហ្មទណ្ឌទៀតផង ។

នៅក្នុងតារាងតម្លៃរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ថា រថយន្តមធ្យមឆ្លងម្តង១មុឺនរៀល រថយន្តតូច៦ពាន់រៀល រទេះសេះ ២ពាន់រៀល មនុស្សម្នាក់មូ៉តូ១គ្រឿង១០០០រៀល កង់១មនុស្សម្នាក់៧០០រៀល គោ ក្របី សេះ ២០០០រៀល សំភារះ១០០គីឡូក្រាម៥០០រៀល អង្ករ១បាវ៣០០រៀល ៕ ជ្រោយពេជ្រ

image1 image2 image3 image4


ចែករំលែក៖