ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ផ្អើលអស់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់មើលយ៉ាងច្រើនកកកុញ ខណៈម៉ូតូ៣គ្រឿងបុកបន្តគ្នាកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិថ្មីសង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសជាយោធា ដែលបើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមានឈ្មោះ សូផាន អាយុ៦២ឆ្នាំ មានទីលំនៅភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ។
ដោយជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១w ៦៥៥៧ ។ រីឯអ្នកបើកម៉ូតូរ៉ឺម៉កមានឈ្មោះ យោក ចន្ថា អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់មានទីលំនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខណៈជិះម៉ូតូវ៉េវ ពណ៌ក្រហម ស្លាកលេខ ព្រៃវែង ១A០១២២ ។
ប្រភពបន្តថា ចំណែកម៉ូតូបុកបន្តទៀតមានឈ្មោះ មាឃ ខែម អាយុ៦៥ឆ្នាំ មុខរបរក្រុមប្រឹក្សាសង្កាត់តាហោ រស់នៅភូមិសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ដោយជិះម៉ូតូ ម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A៦១៥៥ រងរបួសស្រាល ។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីយោធា បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ដោយធ្វើដំណើរពីលិចមកកើត ហើយក៏បានបត់ឆ្វេង ខ្វះការប្រុងប្រយត្ន័ ស្រាប់តែមានម៉ូតូរ៉ឺម៉កជិះមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកតែម្ដង ប៉ុន្តែខណៈនោះក៏មានម៉ូតូមួយផ្សេងទៀតមកដែរ បុកបន្តគ្នាបន្ថែមតែម្ដង ។
ក្រោយពីសមត្ថកិច្ចនគរបាលវាស់វែងរួចក៏យកម៉ូតូទាំង៣គ្រឿង មកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន