ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គមេបញ្ជាការនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Min Aung Hlaing អគ្គមេបញ្ជាការនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នេះជាដំណើរទស្សនៈកិច្ចលើកទី ១របស់ លោក Min Aung Hlaing មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺមានសុខសន្តិភាពពេញលេញ។ លោក Min Aung Hlaing បាននាំមកនូវការសួរសុខទុក្ខពីលោកប្រធានាធិបតីមីយ៉ាន់ម៉ា ជូនសម្តេចតេជោផងដែរ។ លោក Min Aung Hlaing ទទួលស្គាល់ថា សន្តិភាពគឺជាកត្តាចំបងបំផុតក្នុងការអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះដែរ លោក Min Aung Hlaing បានគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ចែករំលែកនូវបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង។ លោកអគ្គមេបញ្ជាការ ក៏បានស្នើសុំសម្តេចតេជោ អោយមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែធំទូលាយបន្ថែមទៀតទៅលើទំនាក់ទំនងជាប្រពៃណីប្រវត្តិសាសស្ត្រ និងកិច្ចសហប្រតិបត្តិការ ដែលប្រទេសយើងទាំងពីរមានស្រាប់រួចមកហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់លោក Min Aung Hlaing ហើយ សម្តេចតេជោ ក៏បានយល់ស្របក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា អោយកាន់តែល្អប្រសើរឡើងថែមទៀត៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

4 1 2


ចែករំលែក៖