ភ្នំពេញ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យថ្លែងឲ្យដឹងក្នុងពិធីបូកសរុប ផលលទ្ធផលត្រួតពិនិត្យ ការងារអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែកុម្ភៈឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០១៧ ថា ក្នុងខែកុម្ភៈ នគរបាលបានត្រួតពិនិត្យ យានយន្តសរុបចំនួន៤៤៣.២៥៦គ្រឿង(ម៉ូតូ ៥៨%) រកឃើញយានយន្ត ល្មើសចំនួន ៥២.៥៣៤គ្រឿងស្មើ ១២% និងបានធ្វើការអប់រំ ចំនួន១៤.៩៣៥គ្រឿង ស្មើ១២% ។
លោកស្រីរដ្ឋលេខាធិការបានថ្លែងទៀតថា «យើងបានធ្វើការ ផាកពិន័យយានយន្តចំនួន៣៧.៥៩៩គ្រឿង ក្នុងនោះមានរថយន្ត៣៨% និងម៉ូតូ៦២% ដោយបង់ប្រាក់ពិន័យ តាមស្នាក់ការ ដែលកំណត់ បានចំនួន ៨៧០.៣៦៥.០០០រៀល។ ចាប់ពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី២៨ខែកុម្ភៈ សរុបប្រាក់ពិន័យ បានចំនួន២.០៤៥.៤៥៥.០០០រៀល»។ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ នៅក្នុងខែកុម្ភៈ បានកើតឡើង ចំនួន២៨៤លើក បណ្តាលឲ្យមនុស្ស ចំនួន១៤០នាក់ស្លាប់ និងរបួស ៤១៨នាក់ ភាគច្រើន នៅរាជធានីភ្នំពេញ ស្លាប់ចំនួន១៥នាក់ ខេត្តពោធិ៍សាត់ ១២នាក់ បន្ទាយមានជ័យ១១នាក់ ។
តាមតួលេខឲ្យដឹងថា ជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃ ស្លាប់ចំនួន៥នាក់ និងរបួស ១៤,៩នាក់ ។ មូលហេតុបើកបរ លើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ អាទិភាព១៨% បត់១០ %មិនប្រកាន់ស្តាំ១៤% ស្រវឹង១១% វ៉ាជែង១០% កត្តាយានយន្ត៤% ងងុយ១% និងកត្តាផ្លូវ១% ។
យ៉ាងណានៅក្នុងកិច្ចប្រជុំនោះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានថ្លែងអំណរគុណ ដល់មន្ត្រីនគរបាលខេត្ត ក្រុងទាំងអស់ ដែលខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យច្បាប់ចរាចរណ៍និងបានស្នើ ភាគីពាក់ព័ន្ធត្រូវពង្រឹង និងអនុវត្តតួនាទី ឲ្យបានបន្ថែមទៀត ដើម្បីចូលរួម លុបបំបាត់កុំឲ្យគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើនដូចសព្វថ្ងៃនេះ ៕ ប្រាថា្ន