ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋព្រួយបារម្ភដល់សុខភាព ខណៈគំនរសំរាមជះក្លិនអសោចិ៍ពេលមានភ្លៀងធ្លាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅជិតគំនរសំរាមមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់ក្រុមគ្រួសារ និងកូនចៅរបស់ពួកគាត់ ខណៈគំនរសំរាមគរដូចភ្នំ ជះក្លិនស្អុយអសោចិ៍ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសពេលមានភ្លៀងធ្លាក់ ជះក្លិនស្អុយ និងកើតមានសត្វរុយរោមគំនរសំរាមហើយហើរមករោមចំណីអាហារពេលបរិភោគ ។

បើតាមស្ត្រីម្នាក់ដែលមានផ្ទះជិតគំនរសំរាមនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ថា ទីតាំងចាក់សំរាមនេះ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៤ មកម្ល៉េះ កាលណោះដោយបានជីករណ្តៅសម្រាប់ចាក់សំរាមមិនសូវជះក្លិនស្អុយ ឬមានសត្វរុយច្រើនទេ ។

ក៏ប៉ុន្តែអ្នកម៉ៅការប្រមូលសំរាមថ្មី ក្រោយៗមក ពុំបានជីករណ្តៅដាក់សំរាមទេ គឺបានចាក់សំរាមលើគ្នា រហូតគំនរសំរាមគរដូចភ្នំ ជះក្លិនស្អុយយ៉ាងខ្លាំង។

ប្រភពដដែលបន្តទៀតថា នៅរដូវប្រាំង គឺក្លិនស្អុយសាយភាយតិច ក៏ប៉ុន្តែពេលមានភ្លៀងធ្លាក់ម្តងៗ គឺសាយភាយធំក្លិនស្អុយតាមខ្យល់បក់មកចំម្តងៗ ពិបាកដកដង្ហើមយ៉ាងខ្លាំង ជាពិសេសរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ និងពេលទឹកឡើងលិចវាល គឺគំនរសំរាមរលួយជះក្លិនស្អុយយ៉ាងខ្លាំង និងមានកើតសត្វរុយជាច្រើនហើរមកទុំផ្ទះ និងបន្លែបង្ការ ពេលអង្គុយលេងរុយរោម ត្រូវដុតធូបមុសទើបអង្គុយលេងបាន ។

ប្រជាពលរដ្ឋដែលរស់នៅជិតគំនរសំរាមទាំងអស់ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការប៉ះពាល់សុខភាព ហើយបានសំណូមពរសុំឲ្យអាជ្ញាធរក្រុងស្វាយរៀង មេត្តាដោះស្រាយ កែឆ្នៃសំរាម ឬដុតសំរាមថង់ផ្លាស្ទិចចោល នៅពេលរដូវប្រាំងនេះ កុំឲ្យនៅគរដូចភ្នំ ហើយថង់ផ្លាស់ស្ទិចរាយប៉ាយជះក្លិនស្អុយអសោចិ៍បន្តទៀត។

ទាក់ទិនករណីខាងលើនេះ លោកឈីវ សារ៉ន អភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀងបានមានឲ្យដឹងថា យើងគ្មានទីតាំងដាក់សំរាមទេ កន្លងមកគឺ អាជ្ញាធរសុំដីរបស់ឈ្មោះ ភី ដាក់សំរាមបណ្តោះអាសន្ន ដោយទីតាំងឆ្ងាយពីផ្ទះអ្នកស្រុក ។

លោក ឈីវ សារ៉ន បន្តទៀតថា សំរាមមាន២ប្រភេទ គឺ៖ សម្រាមកាកសំណល់តាមផ្ទះ និងសម្រាមសាធារណៈ ! ។ ចំពោះសម្រាមតាមផ្ទះគ្មានក្រុមហ៊ុនណាមកដេញថ្លៃប្រមូលទេ ដោយគ្មានទីតាំងចាក់សំរាម គឺអាជ្ញាធរក្រុងបានឲ្យទៅឈ្មោះ ហ៊ុម ណាក់ ប្អូនម្ចាស់ដីឈ្មោះហ៊ុម សុភី ជាអ្នកប្រមូលសំរាម និងសម្របសម្រួលប្រជាពលរដ្ឋតាមខ្នងផ្ទះបង់សេវា មួយខ្នងផ្ទះតម្លៃ៧ ០០០រៀល បើផ្ទះណាមានសំរាមច្រើនយកតម្លៃ១០ ០០០រៀល ហើយសេវានេះឯកជនសុទ្ធសាធ។

ចំពោះ សំរាមសាធារណៈ ឧបត្ថម្ភគាំទ្រថវិកាពីក្រសួងបរិស្ថាន ក្នុងមួយឆ្នាំ ថវិកាជាង៣០០លានរៀល ក៏ពុំមានដេញថ្លៃដែរ ដោយគ្មានក្រុមហ៊ុនណាមកដាក់ពាក្យប្រកួតប្រជែង ព្រោះគ្មានទីតាំងចាក់សំរាម ទើបអាជ្ញាធរ ប្រគល់ឲ្យក្រុមហ៊ុនភីសម្បត្តិ ជាអ្នកប្រមូលសំរាមសាធារណៈ ដែលជាម្ចាស់ដីចាក់សម្រាមនេះ។

លោកឈីវ សារ៉ន បន្តទៀតថា បច្ចុប្បន្ន អាជ្ញាធរបានឲ្យក្រុមហ៊ុនប្រមូលសំរាម រកទីតាំងចាក់សំរាមថ្មីបានហើយ នៅក្នុងភូមិអកនាគសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប៉ុន្តែមន្ទីរបរិស្ថានខេត្តកំពុងរៀបចំពិនិត្យបច្ចេកទេស និងសាងសង់ ក៏ប៉ុន្តែមិនដឹងថា រួចរាល់នីខែណានោះទេ អាជ្ញាធរក្រុងកំពុងដោះស្រាយ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖