ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកំពង់ធំធ្វើរបាយការណ៍បោកអគ្គស្នងការករណីចាប់រថយន្តហាយឡេនឌ័រដឹកឈើ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ដែលរងការប្តឹងផ្តល់ពីមន្ត្រីក្រោមឱវាទស្រាប់តែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានធ្លាយឯកសារថ្មីមួយទៀតដែលលោក ឧត្តមសេនីយ៍ទោ ជូ សំអាន ធ្វើរបាយការណ៍ ភូតកុហកអគ្គស្នងការនគរបាលជាតិគឺយក រថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ដែលដឹកឈើគ្រញូងទៅលក់ឲ្យឈ្មួញវិញ តម្លៃខ្ទង់ម៉ឺនដុល្លារខុសពីខ្លឹមសារដែលលោកបានស្នើសុំទៅថ្នាក់លើថា «យកមក បម្រើក្នុងអង្គភាព»។

យោងតាមរបាយការណ៍មួយដែល លោកឧត្តមសេនីយ៍ស្នងការផ្ញើជូនទៅ នាយឧត្តមសេនីយ៍ នេត សាវឿន នៅចុង ឆ្នាំបានបង្ហាញថា កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំបាន ស្ទាក់ចាប់រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 2Z-9276 ដឹកឈើ គ្រញូងចេញពីខេត្តសៀមរាប ។

បន្ទាប់ស្ទាក់ចាប់បានហើយលោកស្នងការខេត្ត ជូ សំអាន បានធ្វើរបាយការណ៍ទៅ នាយឧត្តមសេនីយ៍ នេត សាវឿន ដោយ រៀបរាប់ថា លោកបានទាក់ទងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងស្នើសុំរថយន្ត នេះ «យកមករក្សាទុកសម្រាប់បំពាក់ស៊ីរ៉ែន បម្រើការងារនៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត»។ ការស្នើសុំនេះត្រូវបានលោកព្រះរាជអាជ្ញាឯកភាពផងដែរ។

ប៉ុន្តែបើតាមមន្រ្តីនគរបាលខេត្តកំពង់ធំ លួចបង្ហើបថា តាមការណ៍ពិតរថយន្តម៉ាក ហាយឡេនឌ័រដែលស្ទាក់ចាប់បាននោះ លោកស្នងការ ជូ សំអាន យកទៅលក់ឲ្យក្រុមឈ្មួញឈើវិញតម្លៃខ្ទង់ម៉ឺនដុល្លារហើយ បានយកស្លាកលេខរថយន្តនេះទៅបំពាក់លើរថយន្តផ្សេងវិញគឺម៉ាកឡិចស៊ីស RX-300 ពណ៌ខ្មៅ ដែលជាកម្ម សិទ្ធិរបស់លោក។

សូមបញ្ជាក់ថា កាលពីពេលកន្លងថ្មីៗ កន្លងទៅនេះស្នងការរងទាំង៥រូបរបស់ ខេត្តកំពង់ធំរួមមាន លោកឧត្តមសេនីយ៍ត្រី ឱម ទីលី លោកឧត្តមសេនីយ៍ត្រី លឹម ហេន លោកឧត្តមសេនីយ៍ត្រី លន ណាឡោម លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណាឡា និង លោកវរសេនីយ៍ឯក កែវ សុផល ក៏បាន ប្តឹងលោកស្នងការស្នងការរង អុិត គឹមស្រ៊ន ទៅសម្តេចក្រឡាហោមពីអំពើពុករលួយនៃការដឹកនាំ ។

ស្នងការរងទាំង៥រូបបានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថ ភាពដឹកនាំគ្មានការទទួលខុសត្រូវជឿតែការចាក់រុកពីស្នងការរង អុិត គឹមស្រ៊ន ការងារយឺតយ៉ាវ ស្ពឹកស្រពន់ពេលមាន បញ្ហាមិនចេះផ្ដល់យោបល់ឬគោលការណ៍ច្បាស់លាស់ពុំដែលប្រជុំគណៈស្នងការក៏ ដូចជាគណៈកម្មាធិការស្នងការធ្វើតែតាមអារម្មណ៍របស់ស្នងការរង អុិត គឹមស្រ៊ន។ លោកស្នងការរងបានលើកឡើងថា លោក ស្នងការបានឃុបឃិតជាមួយស្នងការរង អុិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់នាយរង ប៉ុស្តិ៍និងនាយការិយាល័យយកលុយពី ៥០០ទៅ៣.០០០ដុល្លារពី នាយនាយរង ផ្នែក និងអធិការដ្ឋានពី៥០០ទៅ១.០០០ ដុល្លារ ព្រមទាំងលួចដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន ។

ជាមួយគ្នានេះមន្រ្តីនគរបាលថ្នាក់នាយប៉ុស្តិ៍ក៏បានប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ផងដែរឲ្យដកតំណែងលោកឧត្តម សេនីយ៍ទោ ជូ សំអាន និងស្នងការរង អុិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិ សុខ លោក ខៀវ ចាន់នី ដោយពួកគេចោទ ថា «មានភាពមិនប្រក្រតី ពុករលួយនិងបក្ខ ពួកនិយមក្នុងការដឹកនាំជាពិសេសនោះការ តែងតាំងមន្ត្រីឲ្យកាន់តំណែងនិងឈរជើងនៅកន្លែងណាមួយគឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់» ។

លោក ជូ សំអាន ស្នងការនគរបាលខេត្ត កំពង់ធំបានអះអាងប្រាប់ភ្នាក់ងារកាសែត នគរវត្តឲ្យដឹងថា ករណីរថយន្តនោះគឺខាង តុលាការបានស្រាវជ្រាវល្អិតល្អន់ហើយរកមិនឃើញបទល្មើសនោះទេ ទើបសម្រេច ប្រគល់ឲ្យម្ចាស់ដើមវិញ។ ដូច្នេះវាមិនមែន ជាការសម្រេចរបស់ស្នងការនគរបាល ខេត្តកំពង់ធំនោះឡើយ។ លោកបន្ថែមថា សមត្ថកិច្ចបានធ្វើការល្អិតល្អន់ ហើយគ្មាន ភស្តុតាងដាក់បន្ទុកក៏ប្រគល់រថយន្តឲ្យ ម្ចាស់ដើមវិញ ៕ ប៊ុន រិទ្ធី

ktkg


ចែករំលែក៖