ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញសាងសង់មជ្ឍមណ្ឌល ថែទាំ និងព្យាបាលជនវិកលចរិកដោយសារបែកថ្នាំ ចំណាយថវិកា៥០ម៉ឺន ដុល្លារ នៅស្រុក កណ្ដាលស្ទឹង

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និង ក្រសួងសង្គមកិច្ច សហការជាមួយក្រសួងសុខាភិបាល ដោយមានការចូលរួមពី អាជ្ញាធរខេត្ដកណ្ដាល បានបើកការដ្ឋាន សាងសង់អគារ ថែទាំ និងព្យាបាល មជ្ឈមណ្ឌលវិកលចរិក នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា( បារាំង-ហុងគ្រី) ដែលមានទីតាំងស្ថិតនៅភូមិ កំពុងកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីធ្វើការអប់រំ ព្យាបាល និងស្តារនីតិសម្បទាជនវិកលចរិក កាលពីថ្ងៃទី ១១ មីនា ឆ្នាំ ២០១៧ ។

លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ច រាជធានី ភ្នំពេញ បានបញ្ជាក់ថា ៖ អាជ្ញាធររាជធានីភ្នំពេញ ចំណាយ ថវិកា ប្រមាណ៥០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បីសាងសង់អគារ មជ្ឈមណ្ឌលវិកលចរិក នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រារ(បារាំង-ហុងគ្រី)លើផ្ទៃដី ប្រមាណ១២ ហិកតា ។ អគារដែលត្រូវសាងសង់ នៅពេលនេះ មានមួយអគារ ដែលមានទំហំ២០ម៉ែត្រ គុណនឹង៤៦ ម៉ែត្រ កំពស់២ជាន់ ស្មើនិង ១០បន្ទប់ អាចទទួលមនុស្សបានចាប់ពី៥០០នាក់ឭឡើងទៅ ដើម្បីធ្វើការអប់រំ ព្យាបាល និងស្តារនីតិសម្បទាជនវិកលចរិក ឲ្យមានភាពល្អ ប្រសើរ ឡើង ។

លោកបានបញ្ជាក់ថា ៖ រាជធានីភ្នំពេញ មានជនវិកល ចរិកប្រមាណជាង២០០នាក់ ដែលសព្វថ្ងៃកំពុងស្នាក់នៅមណ្ឌលសំចតព្រៃស្ពឺចំនួន១៨០នាក់ ក្នុងចំណោមជនអនាថាដែលស្នាក់នៅចំនួន៥០០នាក់ និងកំពុងធ្វើចរាចរអនាថា នៅតាមផ្លូវ និងទីសាធារណៈ ប្រមាណជាង២០នាក់ ទៀត ដែលពួកគាត់មួយផ្នែកវិកលចរិកពីកំណើត និងមួយផ្នែកធំ វិកលចរិកដោយសារបែកថ្នាំ ។

លោកបានបញ្ជាក់ថា ៖ លោកពិតជាមានភាព សប្បាយ រីករាយជាខ្លាំងនៅពេលដែលរាជរដ្ឋាភិបាល មានគម្រោងសាងសង់អគារសម្រាប់ជនវិកលចរិកនេះ ព្រោះនៅមណ្ឌលរបស់លោក មិនមានការទទួលសេវាព្យាបាលជនវិកលចរិកទេ គឺមានន័យថា អាកាត់បន្ថយការលំបាកបានច្រើនសម្រាប់មណ្ឌលសំចត នៅពេលដែលមណ្ឌលព្យាបាលជនវិកលចរិកត្រូវបានសាងសង់រួច ។

លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកការដ្ឋានសាងសង់ មជ្ឍមណ្ឌ វិកលចរិក នៅថ្ងៃនេះ ថា៖ បច្ចុប្បន្ន មានជនអនាថា និងជនវិកលចរឹក បែកថ្នាំដោយសារប្រើប្រាស់គ្រឿងញៀន ដើរត្រាច់ចរសុំទាននៅតាមភ្លើងស្តុប និងដងផ្លូវសាធារណៈច្រើន ដែលបញ្ហាទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ កេរឈ្មោះ និងកិត្តយស មុខមាត់សង្គមខ្លាំងណាស់ ។

លោកបន្តថា ៖ ដើម្បីរួមគ្នាទប់ស្កាត់ និងលប់បំបាត់ ក៏ដូច រួមគ្នាជួយពួកទាំងនោះ រដ្ឋបាលរាជាធានីភ្នំពេញ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល រួមជាមួយផ្នែកពាក់ព័ន្ធនឹងបង្កើតឲ្យមានមណ្ឌលវិកលចរឹក ឬពេទ្យឆ្កួតជាបន្ទាន់មួយនៅខេត្តកណ្តាល ដើម្បី ប្រមូលពួកអ្នកទាំងអស់នោះ យកទៅអប់រំ បណ្តុះបណ្តាល និងស្តារនិតិសម្បទាជូនពួកគេឲ្យត្រឡប់ទៅរស់នៅសហគមន៏វិញ ។

លោក វង សូត រដ្ឋមន្ដ្រីក្រសួង សង្គមកិច្ច បាន បញ្ជាក់ថា ៖ ការប្រមូលជនអនាថា និងអ្នកជាប់គ្រឿងញៀនបានកើនឡើងច្រើន គ្រាន់តែមណ្ឌលឱកាសខ្ញុំ នៅភ្នំពេញឯណ្ណោះ មានជាង២ពាន់នាក់ រកកន្លែងដាក់មិនបានផង ចំណែក មណ្ឌលព្រៃស្ពឺមានជិត២០០នាក់ និងកំពុងចុះប្រមូលជា ប្រចាំរបស់អាជ្ញាធរ និងមន្ត្រីសង្គមកិច្ច ។

លោកបន្តថា ៖ ដើម្បីស្តារឲ្យប្រសើរឡើង នោះ ក្រសួងសង្គមកិច្ច, ក្រសូងសុខាភិបាល និង អាជ្ញាធររាជធានីភ្នំពេញ បានឯកភាព សាងសង់មជ្ឍមណ្ឌល ពេទ្យឆ្កួត ឬមណ្ឌលវិកលចរឹកតែម្តង សម្រាប់ព្យាបាលស្តារនិតិតសម្បទាជូនពួកគេ ។

លោកបន្ដថា ៖ ក្នុងសម័យសង្គមរាស្រ្តនិយម បាន បង្កើតពេទ្យឆ្កួតដែរនៅក្រុងតាខ្មៅ ចំណែកសម័យនេះ ជាលើកទី២ត្រូវបានក្រសួងសង្គម កិច្ច និង អាជ្ញាធររាជធានី ភ្នំពេញបាន បង្កើតឲ្យមានមជ្ឈមមណ្ឌលវិកលចរឹកឬពេទ្យឆ្កួត នៅមជ្ឈមណ្ឌលកុមារកំព្រារ(បារាំង-ហុងគ្រី)ដែល មានទីតាំងស្ថិតនៅកំពុងកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីធ្វើការអប់រំ ព្យាបាល និងស្តារនីតិសម្បទាដល់ជនវិកលចរិកឲ្យមានភាពប្រសើឡើង ៕ សំរិត

image13 image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11 image12


ចែករំលែក៖