ខេត្តព្រៃវែង៖ ប្រភពបានបង្ហើបថា សព្វថ្ងៃឈ្មួញកំពុងសម្រុកដឹកស្ករស និងបារីចេញទៅវៀតណាមតាមច្រករបៀងកោះស្កូដែលស្ថិតនៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ដោយប្រើរថយន្តធុនធំគ្រប់ប្រភេទ ហើយសកម្មភាពទាំងនេះប្រព្រឹត្តទៅបាន ព្រោះមានមន្ត្រីការពារវរព្រំដែននៅពីក្រោយខ្នង ។
អ្នកបើកបររថយន្តដឹកស្ករសម្នាក់បានអះអាងថា គាត់តែងតែដឹកស្ករសតាមច្រក កោះស្កូនេះជាប្រចាំ ហើយមិនដែលមាន មន្ត្រីជំនាញហាមឃាត់អីទេ ព្រោះជារបស់ លោក ពៅ នាយរងប៉ុស្តិ៍វរការពារព្រំដែនកោះសំពៅ ខណៈលោកបានរត់ការជាមួយ មន្ត្រីជំនាញគ្រប់ស្ថាបន័អស់ហើយទើបអាច ដំណើរការបានតាំងពីដើមរហូតមក។
ប្រភពពីពលរដ្ឋដែលនៅកោះស្កូបាន ឲ្យដឹងថា រថយន្តធុនធំដឹកស្ករស និងបារីគឺដឹកមកលក់ឲ្យឈ្មួញវៀតណាមជាប្រចាំដែលក្នុងមួយថ្ងៃៗរាប់សិបគ្រឿងនិងមានឃ្លាំងស្តុកសម្រាប់នាំចេញទៅវៀតណាមទៀត។ ជារៀងរាល់លើករថយន្តទាំងនោះ ដឹកបារីឬស្ករសមកដល់ច្រាំងទន្លេរួចលើកបន្តដាក់ចូលទូកវៀតណាមដឹកចេញទៅតែម្ដង ជួនកាលទុកនៅច្រាំងទន្លេ ឬក្នុង ឃ្លាំងសម្រាប់ឈ្មួញវៀតណាមឡើងទូក មកដឹក ។
ប្រភពមួយទៀតបានឲ្យដឹងថា ស្ករស ដែលឈ្មួញយកមកលក់នោះក្នុង១តោន តម្លៃ៦៤០ដុល្លារ ឈ្មួញទទួលពីប្រទេសថៃ មកលក់នៅទីនេះទាំងបារីនិងស្ករសហើយទំនិញទាំងនេះមិននាំចេញតាមច្រកអន្តរជាតិទេ ព្រោះវៀតណាមមិនអនុញ្ញាតឲ្យនាំចូលឡើយ។ ដូច្នេះអាចជាការត្រូវដងត្រូវផ្លែគ្នារវាងមន្ត្រីនៅទីនោះនឹងឈ្មួញ ដែលជាប្រពន្ធលោក ពៅ អនុប្រធានប៉ុស្តិ៍វរ ការពារព្រំដែនកោះសំពៅ ។
លោក ចាន់ ចន ស្នងការរងខេត្តព្រៃវែង បានបញ្ជាក់ថា ទំនិញស្ករស បារីដែលដឹក ចេញទៅវៀតណាមតាមច្រករបៀងកោះ ស្កូ ស្រុកពាមជរនោះគឺជារបស់ប្រពន្ធលោក ពៅ នាយរងប៉ុស្តិ៍វរការពារព្រំដែនប្រាកដមែនដោយបានធ្វើផ្ទះសម្រាប់ស្តុកទៀតផង។ លោកបន្តថា កាលពីមុនដឹកតាមទូក តែឥឡូវដឹកតាមរថយន្តហើយស្ករសនិងបារីនេះដឹកពីប្រទេសថៃមកទេ ហើយជា ដែនសមត្ថកិច្ចរបស់គយបើគយមិនអនុញ្ញាតគឺដឹកមិនកើតឡើយកន្លងមកលោកធ្លាប់ហាមឃាត់ដែរ ។
លោកពៅ នាយរងប៉ុស្ថិ៍វរការពារព្រំដែន បានឲ្យដឹងថា រាល់ការដឹកចេញចូលស្ករស បារីទាំងនោះសុទ្ធតែគយពិនិត្យនិងបង់ពន្ធត្រឹមត្រូវ។ ចំណែកលោកមិនមានសិទ្ធិហាម ឃាត់ទេព្រោះជាតួនាទីរបស់គយ។
ដោយឡែកលោក ងួន ស៊ីថា ប្រធាន ការិយាលយ័គយច្រកកោះសំពៅបានលើក ឡើងថា ទំនិញទាំងនោះជាការរកស៊ីបន្តិចបន្តួចរបស់ពលរដ្ឋប្រទេសទាំង២ហើយ បារីដែលវៀតណាមទិញ១សុង២សុងគ្រាន់ ជក់ទេ រីឯស្ករសឃើញតែដឹកហ្នុងគឺគេដឹកលក់ឲ្យខ្មែរនៅតាមព្រំដែនទេ ។
លោក នង សំហឿង ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តព្រៃវែងបានឲ្យដឹងថា រឿង នោះលោកមិនបានដឹងទេ។ លោកបញ្ជាក់ ថា រាល់ការដឹកស្ករសបារីចេញតាមច្រក របៀងនោះវាខុសហើយបើទំនិញត្រឹមត្រូវមិនចេញតាមច្រករបៀងទេ ។
គូរបញ្ជាក់ថា រដ្ឋាភិបាលបានចេញបទ បញ្ជាមិនឲ្យដឹកទំនិញចេញចូលតាមច្រក របៀងឡើយតែសម្រាប់ច្រករបៀងកោះស្កូនេះវិញនៅ តែបន្តសកម្មភាពដឹកដដែល ទង្វើទាំងនេះហាក់បីដូចជាមន្ត្រីជំនាញនៅទីនោះកំពុងផ្គើននឹងបទបញ្ជាថ្នាក់លើ ៕ ហេង នរិន្ទ្រ