ខេត្តកំពង់ស្ពឺ៖ រោងសិប្បកម្មមួយកន្លែងត្រូវខូចខាតអស់ទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ៣ខ្នងទៀតខូចខាតស្ទើរតែទំាងអស់ដោយសារម្ចាស់រោងសិប្បកម្មបានតខ្សែភ្លើងដាក់ជំុវិញការពារក្រែងមានចោរចូលលួចឈើបណ្តាលឲ្យ ឆ្លងចរន្តឆេះតែម្តង។
ហេតុការណ៍អគ្គិភ័យបណ្តាលឲ្យឆេះ ផ្ទះនេះបានធ្វើឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ទល់មុខផ្សារវត្តចំណារ ស្ថិត ក្នុងភូមិ.ញ សង្កាត់កណ្តោលដុំ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ផ្ទះទំាង៣ខ្នងដែលរងការខូចខាតទំាងស្រុងនោះ ទី១-ម្ចាស់ឈ្មោះ ជា សុខន ភេទ ប្រុស អាយុ៥២ឆ្នាំ។ អគ្គិភ័យឆេះខាងលើនេះផ្តើមឡើងដោយសារឆ្លងចរន្តខ្សែភ្លើងចេញពីផ្ទះឈ្មោះ ជា សុខន ដែលផ្ទះនោះ មានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រធ្វើអំពីថ្មក្រោមឈើលើប្រក់ស័ង្កសី, ទី២-ម្ចាស់ផ្ទះ ឈ្មោះ អ៊ុង ដានី ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រគុណនឹង១៥ម៉ែត្រ ធ្វើអំពីថ្ម ក្រោមឈើលើប្រក់ស័ង្កសី និងទី៣-ម្ចាស់ ផ្ទះឈ្មោះ ឃុន ថោង ភេទប្រុស អាយុ៨២ ឆ្នាំ ផ្ទះមានទំហំ៧ម៉ែត្រគុណនឹង១០ម៉ែត្រ ធ្វើពីថ្មក្រោមឈើលើប្រក់ស័ង្កសី ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀត ថា ម្ចាស់ផ្ទះឈ្មោះ ជា សុខន មុខរបរធ្វើសិប្បកម្មកែច្នៃឈើធ្វើតុទូត្រូវភ្លើងឆេះមុនគេហើយក៏បានរាលដាលមកដល់ផ្ទះរបស់ ប្រជាពលរដ្ឋ២ខ្នងទៀតឈ្មោះ អ៊ុង ដានី និងផ្ទះឈ្មោះ ឃុន ថោង ។
ម្ចាស់ផ្ទះឈ្មោះ អ៊ុង ដានី បានប្រាប់ ក្រុមអ្នកកាសែតថា ការឆេះនេះគឺបណ្តាលមកពីផ្ទះរោងសិប្បកម្មបានតខ្សែភ្លើងដាក់ជំុវិញផ្ទះកំុឲ្យមានក្រុមចោរចូលលួចយកឈើហើយក៏ឆ្លងចរន្តឆេះតែម្តង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ការឆេះនេះក្រុមពន្លត់អគ្គិភ័យបានជួយធ្វើអន្តរា គមន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់៣៥គ្រឿង។ ចំណែកទំហំនៃការ ខូចខាតមិនទាន់ដឹងចំនួនប៉ុន្មាននៅឡើយទេគ្រាន់តែការស្មានមិនក្រោម២០ម៉ឺន ដុល្លារនោះទេ។ រហូតមកដល់ម៉ោង៩និង ៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ទើបអគ្គិភ័យរលត់អស់ទាំងស្រុង ៕ សេនាស័ក្តិ