ព័ត៌មានទាន់ហេតុការណ៍៖

ចេញថតបានពីរថ្ងៃរូបភាពថតរឿង«សសរកន្លោង»ទាក់ទាញខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ឥន្ទ្រានិម្មិតរឿង “សសរកន្លោង”បានចាប់ផ្តើមចេញថតហើយជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអ្នកគាំទ្រ ។ ចាប់អារម្មណ៍ ក៏ព្រោះតែទិដ្ឋភាព និងបច្ចេកទេសនៃការផលិតភាពយន្តនេះមានការទាក់ទាញខ្លាំង ។

ទិដ្ឋភាពស្រុកស្រែជនបទសម័យបុរាណ ត្រូវបានបង្ហាញក្រោយពីរឿង សសរកន្លោងចេញថតបានពីរថ្ងៃ ។ ទីតាំងភូមិសាស្ត្រទឹកដីខេត្តកណ្តាលត្រូវបានផលិតកររៀបចំឲ្យមានទិដ្ឋភាពស្រស់ស្អាតដែលនាំអារម្មណ៍អ្នកមើលរូបភាពនឹកស្រមៃដល់សម័យបូរាណកាល។

ទោះជាយ៉ាងណានេះគឺគ្រាន់តែជាឈុតឆាកដែលត្រូវបានផលិតលើកដំបូងប៉ុណ្នោះ ដែលនៅមានទិដ្ឋភាពប្លែកចម្លែកអារម្មណ៍មិនធ្លាប់មានជាច្រើនទៀតត្រូវបានបង្ហាញគ្រាដែលក្រុមការងារផលិតនិងសិល្បករល្បីឈ្មោះជាច្រើននឹងបន្តដំណើរទៅថតដល់តំបន់ខេត្តកំពតនិងខេត្តកែប។

នេះបើតាមការបញ្ជាក់របស់អ្នកស្រីចាន់ណា សុខឃីម ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិតបានបញ្ជាក់។ អ្នកស្រីថា ចាប់ពីថ្ងៃទី១៩ ខែមីនា នេះក្រុមផលិតករ និងសិល្បករនឹងបន្តដំណើរទៅផ្តិតយករូបភាពប្លែកៗជាច្រើនទៀតនៅខេត្តទាំងពីរខាងលើ។

អ្នកស្រីបន្តថារឿង«សសរកន្លោង» នឹងអាចក្លាយជារឿងដែលកាន់តែចាប់អារម្មណ៍ជាងរឿង «កំណត់ហេតុនាងនាថ» ព្រោះតែរឿងថ្មីនេះបានសម្រិតសម្រាំងគ្រប់ផ្នែក ទាំងតារាសម្តែង សាច់រឿង ប្លង់ បច្ចេកទេសត្រូវបានយកចិត្តទុកដាក់និងបំពាក់ទៅដោយសម្ភារៈផលិតដែលជាបច្ចេកវិទ្យាទំនើប ដើម្បីប្រាកដថា ជារឿងដែលមានគុណភាពខ្ពស់។ អ្នកស្រីលើកឡើងដែរថា ដោយសារតែចង់ឲ្យរឿងនេះក្លាយជារឿងដែលគួរឲ្យខ្លាច និងភ័យរន្ធត់ ផលិតករបានសហការជាមួយអ្នកជំនាញផ្នែកតុបតែងមុខ រហូតឲ្យតារាសម្តែងក្លាយជាតួអង្គខ្មោចថ្មីគួរឲ្យខ្លាចនិងមិនធ្លាប់មានពីមុន។

អ្នកស្រីបញ្ជាក់ដែរថា តួលេចចំណាយលើរឿង«សសរកន្លោង» បានកើនឡើងកាន់តែខ្ពស់ប្រមាណជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអ្នកស្រីនៅតែមានជំនឿចិត្តលើផលិតករ និងសិល្បករដែលបានរួមសហការគ្នាក្នុងការបង្កើតឲ្យមានភាពយន្តមួយថ្មី និងមានគុណភាព ។ អ្នកស្រីបន្តថា រឿងនេះ អាចនឹងបញ្ចប់ការថតក្នុងអំឡុងចុង ខែមីនា នេះនិងបន្តធ្វើការកាត់តផ្នែកបច្ចេកទេស ប្រមាណពី៣ទៅ៤ខែមុនពេលចាក់បញ្ចាំងក្នុងរោងភាពយន្ត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងពីការចាក់បញ្ចាំងរឿងដំបូងរឿង «កំណត់ហេតុនាងនាថ» ផលិតកម្មឥន្ទ្រានិម្មិតបានរៀបចំពិធីក្រុងពាលីប្រកាសចេញផលិតរឿង សសរកន្លោង កាលពីព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៧នេះ នាទឹកដីវិហារសួគ៌ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។ តារាសម្តែងនៅក្នុងរឿងនេះ មានកញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោកភី ម៉ៃ អ្នកនាងម៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាង ឆៃ លីដាឡែន លោក ហ៊ុន សុភី និងតារាសម្តែងថ្មីដែលសុទ្ធសឹងតែជា Feshie Boy និងFreshie Girl មានសម្រស់ស្រស់ស្អាតសង្ហា និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ ៕ វឌ្ឍនា

aee (13) aee aee (1) aee (2) aee (3) aee (4) aee (5) aee (6) aee (7) aee (8) aee (9) aee (10) aee (11) aee (12)


ចែករំលែក៖