ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯកអ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទី នៅតាមបណ្តោយ វិថីឯករាជ្យ ត្រង់ចំណុច ជិតស្ថានីយ៍ប្រេងកាល់តិច ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង,ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចារាចរមួយបង្ករឡើង ដោយរថយន្តបែនដឹកដីមួយគ្រឿងបើកបរពីកើតទៅលិចក្នុងល្បឿនលឿនបានជ្រុលចង្កូត ទៅ បុកនឹង រថយន្តកូរ៉េមួយគ្រឿងទៀតដែលធ្វើដំណើរពីជើងទៅត្បូងបណ្តាលឲ្យដាច់កង់មុខម្ខាងផ្នែកខាងស្តាំ រួចរថយន្តកូរ៉េដែលរថយន្តបែនបានបុកនោះក៍ ជ្រុលទៅបុកនិងម៉ូតូកង់បី ២គ្រឿងទៀតដែលចតនៅស្ងៀម មុខស្តាម៉ាត សេវែនដេ សបផីង របស់ជនជាតិចិនបណ្តាលឲ្យរងការខូចខាតជាដំណំ បន្ទាប់មករថយន្តបែនបង្ករ ហេតុខាងលើបាន បន្តទៅបុកបង្គោលភ្លើង ខាងក្រោយស្តាម៉ាតរបស់ស្ថានីយប្រេងកាល់តិចទើបអស់ល្បឿន។
តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុគ្រោះថ្នាក់ខាងលើ នេះមានអ្នករងរបួសមធ្យមចំនួន១នាក់ឈ្មោះប្រាក់ សុភាព ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ជាអ្នកបើកបររថយន្តកូរ៉េ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព ។
រីឯវត្ថុតាងរថយន្តបង្ករនិង រថយន្តកូរ៉េរងគ្រោះ រួមទាំងម៉ូតូកង់បី២ គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការ-រដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកមករក្សាទុករង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ