ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង ០៦ នាទី ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវលេខ ១៥១ ចំណុចមុខផ្ទះឈ្មោះ ខុម ស្ថិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
តាមសាក្សីដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Asia cosmos ពណ៍ ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-5233 បើកបរទិសដៅពីលិចទៅកើត អ្នកបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ( រត់ចោលកន្លែងកើតហេតុ ) ក៏បានបុកជាមួយ ម៉ូតូ មួយគ្រឿង ម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-0950 បើកបរទិសដៅពីលិចទៅកើត (ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ ហ៊ួយ សុងហេង ភេទ ប្រុស អាយុ 68 ឆ្នាំ ស្នាក់នៅភូមិ ព្រែកសំរោង ឃុំ កោះធំ២ ស្រុកកោះធំ ខេត្ត កណ្តាល រងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យ។
លោកសុិន សុវណ្ណនាយផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់កាសែតនគរវត្តអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីភាគីខាងរថយន្តបើកខ្វះការប្រុងប្រយ័ត្នមិនគោរពច្បាប់ចរាចរណ៍ទើបង្កអោយមានគ្រោះថ្នាក់យ៉ាងដូច្នេះ លោកសិុន សុវណ្ណបន្តថា សំណាងហើយដែលគ្រោះថ្នាក់នេះគ្រាន់តែបង្កអោយមានអ្នករងរបួសធ្ងន់និងមិនបណ្តាលអោយមានអ្នកស្លាប់បាត់បង់ជីវិតនោះ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះលោកសុិន សុវណ្ណនាយផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅក័បានសំណូមពរដល់អ្នកដែលបើកបរលើផ្លូវសាធារណៈទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា និងជាពិសេសសូមអោយពាក់មួកសុវត្ថភាពគ្រប់គ្នានៅពេលកំពុងបើកបរ ។
បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានកំលាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅយកទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ ព្រែកជ័យ