ខេត្តកំពង់ឆ្នាំង ៖ មេកន្ទុយលេខដុះស្លែ នៅផ្សារលើ ត្រូវបានសមត្ថិច្ចដោះលែងវិញហើយ ក្រោយពីបញ្ជូនទៅដល់ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលការដោះលែងត្រូវបានគេសង្ស័យថា មេកន្ទុយលេខចំណាយលុយជាច្រើនដើម្បីរួចខ្លួន ។
ឈ្មោះ លី ម៉េង ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ត្រូវបានដោះលែងក្នុងថ្ងៃចាប់ដដែល គឺថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ក្រោយពីមេឆ្នោតរូបនេះ ចំណាយលុយទៅសមត្ថកិច្ចប្រមាណជា២០០ដុល្លារ ។
ពាក់ព័ន្ធនឹងករណីនេះ លោក ឡុច វណ្ណរ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែមីនា ថា លោកពុំបានដឹងអំពីករណីចាប់មេឆ្នោតនៅផ្សារលើនោះទេ ហើយក្នុងករណីដែលមានអ្នកណាដោះលែងមេឆ្នោត ដែលចាប់បានជាថ្នូរនឹងលុយកាក់នោះ ត្រូវទទួលខុសត្រូវខ្លួនឯង ។
លោកស្នងការបានបញ្ជាក់ដដែលថា បច្ចុប្បន្នកន្ទុយលេខនៅក្រុងកំពង់ឆ្នាំង គឺនៅមានសេសសល់ខ្លះ ប៉ុន្តែមិនបើកលេងចំហរដូចមុននោះទេ ។
ចំណែកឯលោក ពេជ្រ រី នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទនៅថ្ងៃ១៣ ខែមីនា ថា ករណីនេះ លោកអត់បានដឹងនោះទេ និង បានរុញសំណួរទៅសួរខាងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងវិញ ។
ប៉ុន្តែយោងតាមគណនីហ្វេសបុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសសរសេរថា ករណីនេះបានកសាង សំណុំរឿងបានបញ្ជូនទៅការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងក្នុងផ្សារលើ ក្នុងភូមិត្រពាំងបីស ង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានប្រតិបត្តិការចាប់មេឆ្នោតម្នាក់ ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង មានម៉ាស៊ីនគិតលេខ១គ្រឿង ក្រដាស់កត់កន្ទុយលេខ ៣ដុំសៀវភៅកត់លេខ១ក្បាល នឹងកាបោនប៊ិច លុយខ្មែរ ២៥៣០០០រៀល៕ ចន្ថា