ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ដែលគេសង្ស័យថា ត្រូវបានជនល្មោភកាមលួងលោមចាប់រំលោភរួចសម្លាប់បំបិទមាត់ ទើបរំសាកសពដឹកតាមរថយន្តមកផ្លុងចោល។ សាកសពនារីរងគ្រោះត្រូវគេប្រទះឃើញកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅក្នុងប្រឡាយជាប់បណ្តោយផ្លូវកៅស៊ូរពីស្លាកបាណូអាឡាំងឌឺឡុង ឆ្ពោះទៅឆ្នេរអូរត្រេស ស្ថិតក្នុងក្រុម៣ ភូមិទី៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
តាមមន្រ្តីជំនាញពិនិត្យសាកសពឲ្យដឹងថា សាកសពនារីរងគ្រោះមានសភាពស្អុយរលួយដង្កូវចោះខ្លះៗទៅហើយៗសាកសពនារីរងគ្រោះត្រូវបានរំដោយកម្រាលពូកពណ៌សស្ដើង។ នៅលើប្រដាប់ភេទរបស់នាងមានដាច់រយះ និងមានកន្សែងពោះគោពណ៌ខៀវចងរឹតក។
មន្រ្តីជំនាញដដែលបញ្ជាក់ថា នារីរងគ្រោះគេនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ នាងអាយុប្រហែលជា១៥-១៦ឆ្នាំ ហើយសភាពសាកសពហើមស្អុយ មានដង្កូវចោះ និងអាក្រាតកាយ។
លោកវិជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ និងមន្ត្រីជំនាញដែលចុះពិនិត្យសាកសពបានសន្និដ្ឋានបឋមថា នារីរងគ្រោះស្លាប់ដោយសារករណីឃាតកម្មរំលោភសម្លាប់នៅទីកន្លែងផ្សេង ហើយគេដឹកមកប្លុងចោលនៅចំណុចខាងលើដែលអាចមានរយៈពេល៣ទៅ៤ថ្ងៃមកហើយ។
ជុំវិញករណីឃាតកម្មសង្ស័យរំលោភរួចសម្លាប់នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងសហការដើម្បីស្រាវជ្រាវរកជនដៃដល់ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ហើយក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់សមាជិកគ្រួសារដូចដែលមានភិនភាគខាងលើមកទំនាក់ទំនងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុដើម្បីទទួលយកសាកសព និងសហការជាមួយសមត្ថកិច្ចឈានទៅចាប់ខ្លួនឃាតករ៕ ឆ្លាម សមុទ្រ