ភ្នំពេញ៖ រថយន្តឡិចស៊ីស RX330 មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដល់ស្ទុបបំបែកជាបួន មិនបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តការមរីបាឡែនចំពីចហៀងពេញទំហឹង បណ្ដាលឲ្យទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN.9235 មួយគ្រឿង បានបើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈដល់ស្ទុបបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តការមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AL.8492 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ដោយមកដល់ពាក់កណ្ដាលផ្លូវស្ទុប ក៏ត្រូវរថយន្តឡិចស៊ីសបើកបុកចំពីចហៀងពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តកាមរីបាឡែនហោះទៅបុកបង្គោលភ្លើងស្ទុបចរាចរណ៍បាក់អស់មួយដើម និងរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ហើយរថយន្តរងការខូចខាតពីចហៀងយ៉ាងដំណំ ។ ចំណែកឯរថយន្តឡិចស៊ីស RX330 ដែលជារថយន្តបង្កវិញ ក៏បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះដែលបានរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ចំណែកម្ចាស់រថយន្តឡិចស៊ីសមានគ្នា២នាក់ ភ្លាមៗ ក៏បានចុះគេចខ្លួនបាត់ស្រមោលផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ