ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់ខេត្តស្ទឹងត្រែងឃាត់រថយន្តដឹកដំឡូងមីជិត១០០គ្រឿង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្ថានីយជញ្ជីងថ្លឹងរថ យន្តអូរពងមាន់ខេត្តស្ទឹងត្រែង កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានឃាត់រថយន្តដឹកកសិផល ដំឡូងមី និងគ្រាប់ស្វាយចន្ទី ប្រមាណជិត ១០០គ្រឿង បន្ទាប់ពីត្រួតពិនិត្យឃើញថា បានដឹកលើសទម្ងន់។

លោក ប្រាក់ សុភ័ណ្ឌ អនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តស្ទឹង ត្រែងបានបញ្ជាក់ថា រថយន្តទាំងនេះបានដឹកលើសទម្ងន់ចាប់ពី៧តោនទៅដល់ ១៥តោន បង្កឲ្យខូចផ្លូវជាតិ ហើយមិនព្រម ឲ្យមន្ត្រីជំនាញធ្វើការផាកពិន័យទេច្រើន តែនាំគ្នាតវ៉ា និងស្វែងរកវប្បធម៌អន្តរាគមន៍ដើម្បីឲ្យដោះលែង។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៦ករណី នេះបានកើតឡើងម្តងរួចមកហើយដោយ មានការយោគយល់ពីអាជ្ញាធរនូវភាពលំបាករបស់ពលរដ្ឋ ក៏ត្រូវបានដោះលែងទៅវិញ និងណែនាំឲ្យផ្លាស់ប្តូរឥរិយាបថបញ្ឈប់ការដឹកលើសទម្ងន់បែបនេះ។

លោកបញ្ជាក់ទៀតថា សមត្ថកិច្ចហាក់ដូចជាគ្មានជម្រើសឡើយបើបណ្តោយឲ្យដឹកលើសទម្ងន់វាបង្កឲ្យខូចផ្លូវ តែបើទប់ ស្កាត់ឲ្យបានតឹងរឹង ប្រជាពលរដ្ឋស្រែកថាអាជ្ញាធរគាបសង្កត់ធ្វើបាបកសិករក្រីក្រ ហើយសព្វថ្ងៃការដឹកលើស៣ទៅ៤តោន សមត្ថកិច្ចជំនាញមិនដែលហាមឃាត់ទេ។

ម្ចាស់រថយន្តម្នាក់តំណាងឲ្យក្រុមដឹក កសិផលទាំងនោះ បានទទួលស្គាល់ថា ពួក គាត់ពិតជាដឹកដំឡូងលើសទម្ងន់មែន ហើយការលួចលាក់ដឹកបែបនេះ ក៏ដោយសារតែចង់រកប្រាក់ឲ្យចំណេញដើម្បីបង្គ្រប់ទៅនឹងសមត្ថកិច្ចដែលទារយកប្រាក់ជាហូរហែតាមផ្លូវចាប់ពីខេត្តនីមួយៗរហូតដល់ទៅព្រំដែនវៀតណាម។ ចំពោះដំឡូងស្ងួតឆ្នាំនេះលក់បានតម្លៃតែ៥៣០រៀលប៉ុណ្ណោះ មានការថយចុះជិតទៅពាក់កណ្តាល ។

លោកបន្តថា អ្នកប្រកបអាជីវកម្មដឹក ទំនិញធ្លាប់ទទួលការណែនាំច្រើនលើក ច្រើនសាររួចមកហើយតែការដឹកលើស នេះកន្លងមកចេះតែទៅរួចជារៀងរាល់យប់គ្រាន់តែបង់ថ្លៃបាយទឹកទៅឲ្យសមត្ថកិច្ច តាមផ្លូវនោះគឺអាចធ្វើដំណើរបានហើយ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនានេះប្រហែលជា ពួកគាត់សែនម្ចាស់ទឹកម្ចាស់ដីមិនត្រូវទើប ត្រូវខកដំណើរ ។

ក្រុមអ្នកបើកបររថយន្តទាំងនោះបាន លើកឡើង ថា ទោះជាដឹកលើសបួនប្រាំតោនមិនផាកពិន័យក៏ត្រូវបង់ថ្លៃបាយទឹកចាប់ពី៥ម៉ឺនទៅ៨ម៉ឺនរៀលដែរ មិនមែនឱ្យ ទៅដោយស្រួលនោះទេ។ ត្រង់ថារថយន្តដឹកដំឡូងលើសទម្ងន់ទៅមិនបានតែ ចំណែករថយន្តដឹកអីវ៉ាន់ធ្ងន់លើសទ្វេដងម្តេចក៏ទៅបានករណីនេះសូមឲ្យសាធារណ ជនជួយពិចារណាផងហើយបើធ្វើសូមធ្វើឲ្យស្មើភាពគ្នា ។

គួររំលឹកថា ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹង ត្រែង បច្ចុប្បន្នបាននិងកំពុងចាប់ផ្តើមធ្វើថ្មីទៅតាមកន្លែងមួយចំនួនដែលកំពុងបន្តខូចនោះឡើងវិញដែរ ដូចជានៅភូមិ-ឃុំចង្ក្រង់ និងមួយប៉ែកទៀតនៅក្នុងភូមិ-ឃុំអូរគ្រៀង ជាដើម ។

ចំណែករថយន្តដឹកដំឡូង និងគ្រាប់ ស្វាយចន្ទីទាំងនេះភាគច្រើនដឹកចេញមកពីខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្ត ស្ទឹងត្រែង ក្នុងមួយយប់ៗទាំងតូចទាំងធំមិនក្រោមពី១០០ឡាននោះទេ នេះមិនទាន់បាន គិតបញ្ជូលពីរថយន្តដឹកឈើធំៗនៅឡើយ ៕ ហេង នរិន្ទ្រ

 

Untitled-1 copy


ចែករំលែក៖