ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៥នាក់ ដែល សមត្ថកិច្ចក្រុងកំពង់ឆ្នាំង សហការជាមួយ នគរបាលខេត្តចឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នោះត្រូវបានដោះលែងវិញហើយ ក្រោយមួយថ្ងៃនៃការ ឃាត់ខ្លួន ។ ប្រភពបង្ហើបប្រាប់ថា ករណី ដោះលែងនេះជាថ្នូរទឹកប្រាក់១.០០០ ដុល្លារក្នុងម្នាក់ ជ្រកក្រោមលេសអាណា ព្យាបាលយកទៅអប់រំព្យាបាល និងមាន ម្នាក់ក្រោមលេសជាផ្ទៃក្នុងរបស់សមត្ថកិច្ច ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលក្រុង កំពង់ឆ្នាំងដឹកនាំដោយលោក ម៉ា យុន ជាអធិការរងក្រុង ទទួលបន្ទុកនគរបាល យុត្តិធម៌ សហការជាមួយ នគរបាលខេត្តលោក ពៅ ស៊ីផាន់ ប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះសំណាក់ផ្ទះ ជួលនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។ជាលទ្ធផលធ្វើតេស្តទឹកនោមរកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន៥នាក់ដកហូតម៉ូតូ៤គ្រឿងកសាងសណុំ រឿងតាមនីតិវិធី ។
ករណីដោះលែងមនុស្សទាំង៥នាក់ខាងលើនេះ លោក ឆាយ ខេមរ័ត្ន អធិការក្រុង បានបញ្ជាក់ថា កម្លាំងរបស់លោកបាន ប្រគល់មនុស្ស និងកំណត់ហេតុជូនទៅខាងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាំងពីថ្ងៃចាប់ខ្លួន ចំណែកពាក់ព័ន្ធនឹងដោះលែងជាថ្នូរទឹកប្រាក់លោកមិនដឹងឡើយ ។
លោក ពៅ ស៊ីផាន់ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងបញ្ជាក់ថា ពិតជាមានករណីដោះលែងមនុស្សទាំង៥នាក់មែន និងមិនមានថ្នូរទឹកប្រាក់ទេ ដោយបានឆ្លងយោបល់ព្រះរាជអាជ្ញាខេត្ត តាមការស្នើសុំរបស់អាណាព្យាបាលចំនួន ៤នាក់យកកូនរបស់គាត់ទៅព្យាបាល និង អប់រំក្នុងនោះមានម្នាក់ជាផ្ទៃក្នុងរបស់សមត្ថកិច្ច ដោយមិនមានសារធាតុគ្រឿងញៀន ឡើយ ។ ប៉ុន្តែផ្ទុយគ្នានឹងអ្វីដែលអធិការ ក្រុងបានបញ្ជាក់ថាទាំង៥នាក់បានធ្វើតេស្តទឹកនោមគឺមានសារធាតុគ្រឿងញៀន ។
ករណីនេះ គឺនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើជាយូរមកហើយ ដោយប្រើលេស ជ្រកក្រោមអាណាព្យាបាលយកទៅអប់រំ ព្យាបាលនៅមណ្ឌលកែប្រែនិងជាផ្ទៃក្នុង របស់សមត្ថកិច្ច ។ ករណីនេះអគ្គស្នងការ នគរបាលជាតិ គួរតែចុះធ្វើអធិការកិច្ច តើការដោះលែងមនុស្សមួយចំនួនពាក់ព័ន្ធ គ្រឿងញៀននាពេលកន្លងមក និងបច្ចុប្បន្នមានភាពប្រក្រតីដែរឬទេ? ៕ សហការី