ខេត្តបាត់ដំបង៖ ខ្យល់កន្រ្តាក់បានបក់បោកជាខ្លាំងប៉ះចំស្រុកកំរៀងខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បណ្តាលឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋរស់នៅក្នុងឃុំកំរៀងសរុបចំនួន២៦ខ្នង របើកដំបូលសាលារៀន១ខ្នង និងដើមឈើមួយចំនួនរងការដួលរលំផងដែរ។
លោក ជា សុផាត អភិបាលស្រុកកំរៀងប្រាប់ឱ្យដឹងថា ខ្យល់កន្រ្តាក់នោះមិនបង្កឱ្យប៉ះពាល់គ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ក្នុងចំណោមផ្ទះ២៦ខ្នង មាន៥ខ្នងរងការដួលរលំ និងដើមឈើបាក់សង្កត់ខូចខាតធ្ងន់។ចំណែក២១ខ្នងរបើកដំបូល ធ្លាក់សសរផ្ទះចេញពីជើងតាង ខូចខាតមធ្យម។
លោកអភិបាលស្រុកប្រាប់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ខាងលើចំនួន២៦គ្រួសារ កាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ បាននាំយកអំណោយសង្រ្គោះបន្ទាន់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះសរុប២០គ្រួសារនោះសិននៅសល់៦គ្រួសារទៀតកាកបាទក្រហមកម្ពុជានិងបន្តចែកអំណោយជូនដល់ពួកគាត់ជាបន្តបន្ទាប់ថែមទៀតដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលប្រឈមខ្វះខាតទីជម្រកនោះ។នៅរសៀលថ្ងៃដដែនេះដែរនៅស្រុកកំរៀងមេឃបានបន្តធ្លាក់ភ្លៀងមួយមេយ៉ាងធំអូសបន្លាយជាង១ម៉ោងនោះហើយ និងថែមបានលាយឡំមួយខ្យល់ផ្គរន្ទះផងនោះទៀត។
សូមបញ្ជាក់ថា នៅខេត្តបាត់ដំបង កាលពីឆ្នាំទៅមុន ក៏បានធ្លាប់ជួបនូវគ្រោះធម្មជាតិ ដោយខ្យល់កន្រ្តាក់និងភាពរាំងស្ងួតជាដើម។ ជាហេតុនាំឱ្យផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងរងការខូចខាត និងប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួនខ្វះទឹកប្រើប្រាស់ផងដែរ។គ្រោះធម្មជាតិទាំងនោះក៏ត្រូវគេមើលឃើញថាអាជ្ញាធរ សមត្ថកិច្ចខេត្តបាត់ដំបង ក៏ដូចជារាជរដ្ឋាបាលកម្ពុជា ក៏បានខិតខំធ្វើការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ៕ សំ វិច្ឆិកា