ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឆែកឆេរឃ្លាំងមួយកន្លែងក្រោយរកឃើញម៉ូតូកង់បីតាមប្រព័ន្ធ GPS

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលនគរបាល ខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ចោមចៅ ដឹកនាំដោយលោកអធិការ យឹម សារ៉ាន់ ដោយមានការចូលរួមពីសំណាក់ ព្រះរាជអាជ្ញារងសាលាដំបូងរាជ ធានីភ្នំពេញ បានចុះ ធ្វើការឆែកឆេឃ្លាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវវ៉ងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដែលមានការសង្ស័យថា ឃ្លាំងមួយនោះ មានស្តុករបស់បញ្ចាំផ្សេងៗដោយខុសច្បាប់ ។

ការឆែកឆេរនោះ បន្ទាប់ពីបានរកឃើញម៉ូតូរ៉ឺម៉កកង់បី មួយគ្រឿងដែល ចោរលួចយកទៅបញ្ចាំ ឲ្យម្ចាស់ឃ្លាំងខាងលើនៅឯផ្សារឃ្លាំងរំសេវ ក្រោយមកត្រូវបានម្ចាស់ឃ្លាំងនោះ យកទៅលាក់ទុកនៅក្នុងឃ្លាំង ខាងលើ ហើយត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉កកង់បីនោះតាមរកឃើញ តាមរយៈប្រព័ន្ធតាមដានសុវត្ថិភាព GPS និងបានប្តឹងនគរបាលឲ្យជួយដកហូតយក ទៅរក្សាទុកនៅប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

នគរបាលបានឲ្យដឹងថា ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលបានរកឃើញ តាមប្រព័ន្ធតាមដាន GPS នោះម៉ាក bajaj(RE) ពណ៌ក្រហមអត់ស្លាកលេខ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាម្នាក់ ដែលបាន ជួលឲ្យបុរស ម្នាក់ ដើម្បីរកស៊ីដឹកម៉ូយ ឬឥវាន់ ហើយបង់លុយប្រចាំខែឲ្យលោកឧកញ៉ារូបនោះ។ ប៉ុន្តែក្រោយពេលជួលយក ទៅរកស៊ីបានមួយរយៈពេល ដល់ពេលបង់លុយមិនឃើញទៅបង់ ហើយទាក់ទង់អត់បានទៀតនោះ ទើប មានការសង្ស័យ ឆែកមើលតាមប្រព័ន្ធតាមដាន GPS ទើបដឹងថា បាត់ហើយ ក៏បានតាមដាន រហូតរកឃើញ ម៉ូតូរ៉ឺម៉កកង់បីនោះ នៅក្នុងឃ្លាំងខាងលើ ហើយនៅវេលាល្ងាចថ្ងៃទី១៣ ខែមីនា ម្ចាស់បានប្ដឹងឲ្យនគរបាល ប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៍ ។

ប្រភពដដែលបានបន្តថា ខណៈនោះនគរបាលបានចុះទៅកាន់ទីតាំងឃ្លាំងខាងលើ ដើម្បីដកហូតយក ម៉ូតូរ៉ឺម៉កកង់បីដែលបានរកឃើញនោះប្រគល់ទៅឲ្យម្ចាស់វិញ ប៉ុន្តែពេលនោះម្ចាស់ឃ្លាំងអាងខ្នង មិនព្រម ប្រគល់ឲ្យឡើយ កម្លាំងនគរបាលបានប្រចាំការនៅទីនោះ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី ១៤ ខែមីនា ទើបម្ចាស់ឃ្លាំងបានយល់ព្រមប្រគល់ឲ្យ ហើយនគរបាលបានយកទៅដាក់នៅប៉ុស្ដិ៍ចោមចៅ។ លុះដល់វេលាម៉ោង១រសៀលថ្ងៃដដែល ទើបកម្លាំងខាងលើ ចុះទៅធ្វើការឆែកឆេរ ប៉ុន្តែម្ចាស់ឃ្លាំងមិនសហការ ទៀត រហូតមានការឯកភាពពីលោកព្រះរាជអាជ្ញាររង សាលាដំបូងរាជធានីភ្នំពេញ កម្លាំងក៏បានសម្រេចកាត់ សោទ្វារឃ្លាំងនោះ ចូលហើយបានឃើញនៅក្នុងឃ្លាំងនោះ មានម៉ូតូកង់បីចំនួន៥គ្រឿង កន្ទុយរ៉ឺម៉ក១គ្រឿង និងរថយន្តចំនួន៤គ្រឿង ដែលមិនទាន់ដឹងថា ខុសច្បាប់ ឬបែបណានៅឡើយ បន្ទាប់មកសមត្ថកិច្ចបាន ចាក់សោឃ្លុំបេទ្វារឃ្លាំងនោះជាបណ្ដោះអាសន្នសិនរង់ចាំការស្រាវជ្រាវបន្ត៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖